
(ភ្នំពេញ)៖ គណៈកម្មការឆ្នើមកម្មវិធី Masterchef Khmer លោក ស៊ី សោភ័ណ្ឌឬទ្ធី ដែលត្រូវបានស្គាល់ថា «Chefឬទ្ធី» លោកបានលាចាកលោកទៅហើយនៅថ្ងៃនេះ។ ទម្រាំតែលោកអាចក្លាយជាគណៈកម្មការឆ្នើមកម្មវិធី Master chef Khmer គឺលោកធ្លាប់មានប្រវត្តិប្រកបការងារជាចុងភៅដ៏ឆ្នើមមួយរូបនៅតាមបណ្ដាសណ្ឋាគារនិងភោជនីយដ្ឋានធំៗអស់រយៈពេលជិត ២៥ឆ្នាំមកហើយ។
ផ្ដើមដំបូង នៅឆ្នាំ១៩៩៤ ក្រោយរៀនចប់វិទ្យាល័យ លោកមានចំណាប់អារម្មណ៍ទាក់ទងនឹងវិស័យម្ហូបអាហារ ហើយមានក្ដីស្រមៃចង់ក្លាយជាប្រធានចុងភៅមួយដ៏ធំនៅសណ្ឋាគារផ្កាយ៥ ឬសណ្ឋាគារខ្នាតយក្សណាមួយ។ ចាប់ពីពេលនោះ លោកក៏ចាប់ផ្ដើមរៀនធ្វើម្ហូប ហើយចូលធ្វើការនៅក្នុងសណ្ឋាគារមួយ ដោយពេលនោះលោកមិនអាចចាប់ផ្ដើមកាន់តំណែងធំបានភ្លាមនោះទេ គឺត្រូវចាប់ផ្ដើមពីតំណែងតូចបំផុត ព្រោះលោកមិនទាន់មានជំនាញខាងចុងភៅនេះខ្លាំងនៅឡើយ។
ការងារដំបូងរបស់លោក ចាប់ផ្ដើមពីការងារកំប៉ិកកំប៉ុកដូចជា៖ បកបង្គា,ធ្វើមឹក,ស្រកាត្រី,ហាន់ត្រី,ហាន់សាច់គោ រយៈពេលបីឆ្នាំ ដែលពេលនោះលោកជួបនូវការលំបាកជាច្រើនយ៉ាង រហូតធ្វើឱ្យលោកស្ទើរតែបោះបង់អាជីពនេះចោលទៅវិញហើយ។ ប៉ុន្តែនៅពេលដែលលោកនឹកឃើញដល់ពេលវេលានៃការចាប់ផ្ដើមក្ដីស្រមៃដំបូងរបស់លោកវិញ លោកក៏សម្រេចចិត្តថាមិនបោះបង់ចោលជាដាច់ខាត ហើយបានពង្រឹងការប្ដេជ្ញាចិត្តរបស់ខ្លួនឲ្យកាន់តែខ្លាំងក្លា ឲ្យមានការតស៊ូ មានការអត់ធ្មត់ខ្ពស់ ដើម្បីសម្រេចក្ដីស្រមៃរបស់ខ្លួន។
ទីបំផុត ក្រោយពេលតស៊ូលើអាជីពនេះអស់រយៈពេលជិត២៥ឆ្នាំ លោកក៏បាន សម្រេចនូវអ្វីដែលលោកបានប៉ងទុកគឺលោកក្លាយជាមេចុងភៅដ៏ឆ្នើមមួយរូប ជាពិសេសគឺមានឱកាសក្លាយជាគណ:កម្មការឆ្នើមកម្មវិធី Master chef Khmer នេះតែម្ដង។ លោកបានចែករំលែកនូវមេរៀនដ៏មានតម្លៃមួយថា ការរៀនគឺ មិនចាំបាច់ទាល់តែទៅរៀនថ្នាក់កំពូលណាមួយនោះទេ ប៉ុន្តែអ្នកអាចចាប់ផ្ដើមពីការរៀនពីមនុស្សជុំវិញខ្លួន ហើយលួចចំណេះដឹងពីមនុស្សជុំវិញខ្លួនបន្តិចម្ដងៗដោយមិនឱ្យគេដឹងខ្លួនក៏បានដែរ។
លោកបានចែករំលែកថា នៅពេលដែលលោកអាចវិវវត្តន៍ខ្លួនមកក្លាយជា គណៈកម្មការរបស់ Master Chief Khmer វាគឺជារឿងថ្មីមួយសម្រាប់លោក ដោយសារតែមានបេក្ខជនមកពីគ្រប់ទិសទី គ្រប់តំបន់ ដែលពេលខ្លះពួកគាត់មានអត្តចរិត អាកប្បកិរិយាខុសៗគ្នា ខ្លះរៀនបានខ្ពស់ និងខ្លះរៀនបានទាបជាដើម។ តាមយោបល់របស់លោកគឺលើកទឹកចិត្តដល់អ្នកដែលស្រឡាញ់ការចម្អិន អាចចាប់ផ្ដើមពីការរៀនតាម Youtube Facebook រួចហើយពួកគាត់ក៏អាចមានឱកាស មកបញ្ចេញស្នាដៃបានដែរ សូមកុំខ្លាច កុំព្រួយបារម្ភ ក្នុងការបញ្ចេញសមត្ថភាពរបស់ខ្លួនឱ្យគេឃើញឱ្យសោះ។ ម៉្យាងវិញទៀតគឺលោកក៏បានលើកទឹកចិត្តដល់អ្នកដែលស្រឡាញ់ការចម្អិនទូទាំងស្រុកខ្មែរ សូមចូលរួមប្រកួតក្នុងកម្មវិធី Master Chief Khmer នារដូវកាលទី២ផងដែរ។
ប៉ុន្តែគួរឲ្យសោកស្ដាយ ដែលលោកមិនអាចបន្តដំណើរកម្មវិធី នៅក្នុងរដូវកាលទី២ នេះបាន ដោយសារតែលោកមាន ជំ ងឺ ធ្ងន់ធ្ងរ។ គួរជំរាបជូនថា «chefឬទ្»ធី បានទទួលមរណភាព នៅយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ដោយសារលោកមាន ជំ ងឺ ក្រិនថ្លើម និងរបេង។ សពត្រូវបានតម្កល់ធ្វេីបុណ្យនៅគេហដ្ឋាន ដែលស្ថិតនៅក្នុងបុរីសែនសុខក្រាំងធ្នង់ សង្កាត់គោករកា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕