កុំរំលងអីចូលអានតិចទៅ! ស្វែងយល់អំពីការជួយសង្រ្គោះ នៅពេលពស់ចឹក សូមជួយស៊ែរឲ្យបងប្អូនយើង បានឃើញគ្រប់គ្នាផង…

ស្វែងយល់អំពីការជួយសង្រ្គោះពស់ចឹក ដើម្បីបង្ការហានិភ័យគ្រោះថ្នាក់ ប្រជាពលរដ្ឋក្នុងរដូវទឹកជំនន់និងទឹកស្រក់ ពស់ចឹកនៅតែជាគ្រោះថ្នាក់មួយដែលគេជួបប្រទះជារឿយៗ ជាពិសេសនៅតំបន់ស្រែចម្ការខ្មែរយើង។ ថ្វីបើដំបូងឡើយស្នាមខាំជារបួសតូចបន្តិចបន្តួច តែក្នុងករណីខ្លះវាអាចបណ្តាលជាជំងឺធ្ងន់ធ្ងរភ្លាមៗ និងអាចបណ្តាលឲ្យស្លាប់ផងក៏មាន។

ក/ ប្រភេទពស់ពិស៖ ក្នុងប្រទេសកម្ពុជា ក្រុមអ្នកជំនាញខាងសត្វពស់បានសំគាល់ឃើញថា មានពស់ពិស១២ប្រភេទ ជាមូលហេតុបង្ករឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។ ក្នុងនោះពស់៦ ប្រភេទដែលបង្ករគ្រោះថ្នាក់ញឹកញាប់ដោយសារវារស់នៅជិតៗភូមិដ្ឋានយើងមាន៖ ពស់វែកក្របី-ពស់វែកដំបូក-ពស់ហនុមាន-ពស់ក្រាយឬថ្នាំងអំពៅសខ្មៅ-ពស់បៃតង២ប្រភេទទៀត ហើយមាន ៥ប្រភេទទៀតវាច្រើនរស់នៅក្នុងព្រៃឆ្ងាយពីភូមិៈ ពស់វែករនៀម-ពស់ពព្លាក់-ពស់ស្រកាចាស-ពស់ក្រាយ លឿងខ្មៅ-ពស់ក្រាយក្បាលក្រហម

ខ/ ថ្នាំបន្សាបពិស៖ ថ្នាំបន្សាបពិសពស់ជាថ្នាំដែលធ្វើចេញពីឈាមសត្វសេះ។ ប្រសិនបើប្រើត្រឺមត្រូវវាមានប្រសិទ្ធភាពណាស់ អាចជួយជិវិតមនុស្សបានច្រើន ក៏ប៉ុន្តែវាជាថ្នាំដែលអាចបង្ករឲ្យមានគ្រោះថ្នាក់ដែរជាពិសេសគឺប្រតិកម្មជាមួយសារធាតុដែលកើតមានក្នុងឈាមសត្វសេះ។ ប្រសិនបើគ្មានមធ្យោបាយជួយសង្គ្រោះត្រឹមត្រូវទេ ប្រត្តិកម្មនេះក៏អាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតផងដែរ។

គ/ ការធ្វើរោគវិនិច្ឆ័យ៖ ថ្វីបើក្រោយពេលមានសត្វខាំ ស្នាមចង្កូម២ ភាគច្រើនជាសញ្ញានៃពស់មានពិស គ្រូពេទ្យមិនអាចវិនិច្ឆ័យប្រភេទពស់បានភ្លាមៗទេ គឺត្រូវការពិនិត្យតាមដានរោគសញ្ញាមួយចំនួនមុននឹងសម្រេចប្រើថ្នាំបន្សាបពិស។ ដោយហេតុនេះ គ្រូពេទ្យតែងចង់ដឹងថា ១.តើសត្វខាំនោះជាពស់ឬមិនមែនពស់? ២.បើជាពស់ តើពស់មានពិសឬពស់គ្មានពិស? ៣.បើជាពស់មានពិស តើការខាំនោះមានបញ្ចូលពិសវាទៅក្នុងខ្លួនអ្នករងគ្រោះឬទេ?

ឃ/ រោគសញ្ញា និងការព្យាបាល៖ ជាការពិតថ្នាំបន្សាបពិសពស់មានប្រសិទ្ធភាពតែក្នុងករណីមានពិសពស់ចូលក្នុងខ្លួនមនុស្ស ហើយពិសនោះនៅមានសកម្មភាព។ មានសញ្ញា ឬអាការៈមួយចំនួនដែលគ្រូពេទ្យតាមដានស្វែងរក ហើយវត្តមានរបស់វាតម្រូវឲ្យប្រើថ្នាំបន្សាបពិសភ្លាម ទោះដឹងថាវាអាចមានប្រតិកម្មកើតឡើងក្តី។ សញ្ញាទាំងនោះមានដូចជាៈ-ធ្លាក់ត្របកភ្នែកដូចងងុយដេក-រឹងមុខមាត់ពិបាកនិយាយស្តី-ទន់ក-ជើងដៃចេះតែកន្រ្តាក់តិចៗ-ពិបាកដកដង្ហើមជាសញ្ញាចុងក្រោយ ដែលត្រូវព្យាបាលជាបន្ទាន់។

សញ្ញាផ្សេងទៀតដែលត្រូវប្រើថ្នាំជាបន្ទាន់ដែរមានៈ កន្លែងដែលពស់ខាំ រាលដាល (ឡើងហើម,ក្រហម) លឿន-មានចេញពងទឹកដូចរលាកភ្លើង-មានចេញស្នាមជាំលើខ្លួន-ដំបៅហូរឈាមមិនឈប់-ឡេះឡះ-គ្មានទឺកនោម ជាដើម។ សញ្ញាខាងលើនេះសុទ្ធតែជាសញ្ញានៃអាការៈ ដែលធ្ងន់ធ្ងរអាចគ្រោះថ្នាក់ដល់ជីវិត ក៏ប៉ុន្តែថ្នាំបន្សាបពិសប្រើទាន់ពេលវេលាអាចជួយជីវិតបាន។ ចំណុចមួយទៀតដែលជួយជីវិត គឺវិធីដែលអាចពន្យាពេលកុំឲ្យពិសចូលទៅក្នុងប្រព័ន្ធឈាមរត់លឿនពេក ក្នុងគោលបំណងនេះ ក្រោយត្រូវពស់ខាំភ្លាម គប្បីទប់អបអវៈយវៈដែលរងការខាំនោះកុំឲ្យសាច់ដុំកន្ត្រាក់ខ្លាំង។

ឧទាហរណ៏៖ ប្រសិនបើជើងត្រូវពស់ខាំ ការខំប្រឹងរត់ឬដើរនឹងនាំឲ្យពិសកាន់តែឆាប់ចូលដល់ប្រព័ន្ធឈាមរត់ នឹងឆាប់ចេញរោគសញ្ញានៃពិស។ ក្នុងករណីនេះគេគប្បីរកអ្នកជួយគ្រាឬសែងទៅរកកន្លែងសង្គ្រោះឬមន្ទីរពេទ្យ។ សំគាល់៖ វិធីមួយចំនួនដែលធ្លាប់អនុវត្តពីមុនមក ភាគច្រើនឲ្យគុណវិបត្តិជាងឲ្យផលប្រយោជន៏ដូចជាៈ-ការចងរឹតពីខាងលើរបួសៈ ភាគច្រើនវាអាចបណ្តាលឲ្យផ្នែកខាងក្រោមចំណងខ្វះឈាមទៅចិញ្ចឹមនិងត្រូវស្លាប់ ដែលជារឿយៗតម្រូវឲ្យកាត់ចោលដើម្បីសង្គ្រោះជីវិត។-ការវះបើកមុខកន្លែងស្នាមខាំក្នុងបំណងឲ្យពិសហូរចេញវិញ ជួនកាលបណ្តាលឲ្យហូរឈាមមិនឈប់និងបាត់បង់ឈាមជាច្រើន រហូតដល់សភាពស្ហុក។-ការបឺតជញ្ជក់កន្លែងខាំក៏មិនអាចបឺតយកពិសចេញបានដែរ។-កន្លែងមានរបួសជាទីដែលប្រព័ន្ធការពារលើស្បែកយើងត្រូវមានចន្លោះប្រហោងអាចឲ្យមេរោគផ្សេងៗចូលបានយ៉ាងងាយ ដូចនេះការដាក់បំពោកនូវវត្ថុផ្សេងៗ ឬថ្នាំដែលមិនស្អាតអាចបន្ថែមមេរោគនឹងធ្វើឲ្យដំបៅក្លាយ។

ឃ/ចំនុចគួរចងចាំ និងអនុវត្ត៖-ថ្នាំប្រឆាំងពិសពស់ជាឱសថដ៏សំខាន់ តែវាអាចបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរបានដែរ។-ថ្នាំពិសពស់១ដប អាចប្រើសម្រាប់បន្សាបពិសក្រុមពស់ណា១ ដែលកបនឹងថ្នាំនោះ មិនមែនពស់គ្រប់ប្រភេទទេ។-ថ្នាំពិសពស់មានផលប្រយោជន៏ និងប្រសិទ្ធភាពតែកាលណាមានពិសពស់ក្នុងខ្លួនជនរងគ្រោះ ជាពិសេសក្នុងរបត់ឈាម។-គ្រប់ករណីពស់ចឹកឬសង្ស័យថាពស់ចឹកមិនសុទ្ធតែចាំបាច់ត្រូវចាក់ថ្នាំបន្សាបពិសទេ។-បើមានពស់ខាំ មុនមកដល់មន្ទីរពេទ្យ គប្បីទប់អបអវៈយវៈដែលរងរបួសនោះកុំឲ្យវាមានចលនាខ្លាំង។ មិនត្រូវចងរឹតតឹងពីខាងលើ ឬវះបង្ហូរឈាម ឬបឺតឈាមទេ ព្រោះវានាំឲ្យខាតពេលនិងអាចមានគ្រោះថ្នាក់។

-ប្រសិនបើប្រាកដជាពស់ខាំ ត្រូវប្រញាប់មកមន្ទីរពេទ្យដែលមាន ហើយអាចប្រើថ្នាំបន្សាបពិសដោយសុវត្ថិភាពបាន។-ក្នុងករណីមានសញ្ញាពិសក្នុងខ្លួនជនរងគ្រោះ ក្រុមគ្រូពេទ្យនឹងវិនិច្ឆ័យប្រភេទក្រុមពស់ដែលបង្ករហេតុ ដើម្បីត្រូវប្រើថ្នាំបន្សាបឲ្យត្រូវនឹងក្រុមពស់។ ក្រោយកំណត់បានហើយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត នឹងរៀបចំត្រៀមមធ្យោបាយសម្រាប់ព្យាបាលករណីមានប្រតិកម្មជាយថាហេតុ និងប្រើប្រាស់ថ្នាំបន្សាបពិស ដោយចាក់តាមសរសៃវ៉ែនផ្ទាល់ឬលាយជាមួយសេរ៉ូម។ ជួនកាលគ្រូពេទ្យត្រូវប្រើប្រាស់មធ្យោបាយផ្សេងៗទៀត ដូចជាម៉ាស៊ីនដកដង្ហើម អុកស៊ីហ្សែន ថ្នាំជំនួយបេះដូង ឬការប្រើផលិតផលឈាម ឬការបង្រប់ជាតិទឹក ជាដើមរួមផ្សំជាមួយ រហូតដល់ថ្នាំព្យាបាលពិសមានប្រសិទ្ធភាព និងដើម្បីជួយជីវិតបាន។ ប្រភព «ត្រកូលពេទ្យ»