កុំចេះតែហ៊ានពេក! ជិះម៉ូតូឆក់ទូរស័ព្ទពីនារី២នាក់បានសម្រេច ភ័យពេកជិះម៉ូតូបុកគូទរថយន្តដួល ត្រូវប្រជាពលរដ្ឋ…

(ភ្នំពេញ)៖ កាលពីវេលាម៉ោង ១ៈ១៥នាទីរសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវលេខ៧០ នៅចំណុចមុខការ៉ាស់សាំងតូតាល់ ក្នុងសង្កាត់ស្រះចក.ខណ្ឌដូនពេញ.រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ សៀវម៉ី ភេទស្រី អាយុ២៣ឆ្នាំ មុខរបរលក់ឥវ៉ាន់អនឡាញ ហើយទូរស័ព្ទដែលជនសង្ស័យឆក់នោះម៉ាក huawei ចំណែកឯប្អូនជិះពីក្រោយមានឈ្មោះ យូរ៉ា ភេទស្រី អាយុ១៩ឆ្នាំ មុខរបរដូចគ្នាស្នាក់នៅសង្កាត់ចោមចៅ៣.ខណ្ឌពោធិ៍សែនជ័យ.រាជធានីភ្នំពេញ អ្នកទាំងពីរនាក់ មានស្រុកកំណើតនៅភូមិកកោះ.ឃុំខ្វាវ.ស្រុកត្រាំង.ខេត្តតាកែវ។

ជិះម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ស៊េរីឆ្នាំ២០១៧ ខ្មៅពាក់ ផ្លាកលេខ តាកែវ 1N-3741។ ជនសង្ស័យ ឈ្មោះ យឹម ចាន់នី ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅសង្កាត់ស្រះចក.ខណ្ឌដូនពេញ ចិះម៉ូតូម៉ាក honda click ពណ៌ សលាយក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1AK-3357។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងពីរនាក់បងប្អូន តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច

ទៅដល់ចំណុចស្តុបក្តាន់២ បានឈប់ម៉ូតូហើយក៏ដកទូរស័ព្ទម៉ាក huawei ១គ្រឿង និយាយទៅរកម៉ូយដែលកម្មង់ឥវ៉ាន់អនឡាញ ស្របពេលនោះដែរក៏មានជនសង្ស័យម្នាក់ ជិះម៉ូតូម៉ាកឃ្លីកមួយគ្រឿងបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីដៃជនរងគ្រោះជាអ្នកឌុបបានសម្រេច។ តាមប្រភពព័ត៌មានបានបន្តទៀតថា បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពឆក់បានហើយ បានជិះម៉ូតូព្យាយាមគេចខ្លួនតែត្រូវបានជនរងគ្រោះ និងអ្នកធ្វើដំណើរតាមដងផ្លូវជួយដេញស្រែកថា ចោរៗ មកដល់ចំណុចកើតហេតុខាងលើ

ជនសង្ស័យភ័យស្លន់ស្លោពេក ក៏ជិះម៉ូតូជ្រុលចង្កូតទៅបុកគូទរថយន្តកូរ៉េមួយគ្រឿង កំពុងឈប់នៅតាមចិញ្ចើមផ្លូវ បណ្ដាលឲ្យដួល ភ្លាមៗនោះត្រូវបានប្រជាពលរដ្ឋចាប់វាយមួយដៃមួយជើងម្នាក់ បណ្ដាលឱ្យទ្រមខ្លួនហើយប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។ ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើ ត្រូវបាននាំខ្លួនមកសាកសួរនៅឯប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមនីតិវិធី៕ ប្រភព «First Daily»