
(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលនិងក្រសួងអប់រំយុវជននិងកីឡា បានឯកភាពគ្នាអនុញាតឲ្យបើកសាលារៀនជាបណ្តើរៗឡើងវិញនៅខែសីហា ឆ្នាំ២០២០ ខាងមុខនេះ។ បើតាមលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ឲ្យដឹងថា៖
ជាជំហានដំបូងក្រសួង នឹងបើកសាកល្បងសាលាអន្តជាតិចំនួន១៥ ដែលមានស្តង់ដារខ្ពស់រួមមានសាលាភាសាជប៉ុនអង់គ្លេសអាមេរិកាំង និងបារាំង ជាមុនសិនដែលមានសិស្សប្រមាណ២ម៉ឺននាក់។ ប៉ុន្តែមុននឹងបើកសាលានីមួយៗត្រូវដាក់ពាក្យស្នើសុំបើកសាលាឡើងវិញមកក្រសួងដើម្បីឲ្យក្រុមការងារក្រសួងចុះវាយតម្លៃ និងពិនិត្យមើលសាលាទាំងនោះស្របតាមស្តង់ដាតាមការណែនាំរបស់ក្រសួងសុខាភិបាលដែរឬយ៉ាងណាមុននឹងឈានដល់ការចុះអនុស្សារណៈអនុញ្ញាតអោយបើកជាផ្លូវការ។
លោកស្រីបានបន្តថា៖ សាលាទាំងនោះត្រូវគោរពទៅតាមលក្ខខណ្ឌរបស់ក្រសួងក្នុងនោះរួមមានត្រូវអនុវត្តរក្សាសុវត្តិភាពគម្លាតសង្គមនិងបុគ្គលដូចជាដាក់សិស្សក្នុង១ថ្នាក់១៥នាក់និងត្រូវធ្វើតេស្តរកកូវីដ១៩ទាំងគ្រូនិងសិស្សមុននឹងចាប់ផ្តើមចូលរៀន។ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានឲ្យដឹងថា៖ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីជំហររបស់ក្រសួងអប់រំយុវជននិងកីឡាលើការបើកដំណើរការសាលារៀនទាំងអស់ឡើងវិញគឺនឹងប្រព្រឹត្តិទៅតាមបីដំណាក់កាល។ ដំណាក់កាលទី១៖សាលារៀនមានស្តង់ដាសុវត្ថិភាពខ្ពស់,ដំណាក់កាលទី២សាលារៀនមានស្តង់ដាមធ្យមនិងដំណាក់និងកាលទី៣សាលារៀនមានស្តង់ដាអប្បបរមា៕