
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសលោក សុវណ្ណ រិទ្ធី ដែលជាអតីតអគ្គនាយកសារព័ត៌មាន(TVFB)រយៈពេល១៨ខែប៉ុន្តែទោសនេះតុលាការឱ្យអនុវត្តតែ៥ខែ២៨ថ្ងៃប៉ុណ្ណោះ ហើយទោសសល់ប៉ុន្មានត្រូវព្យួរ។ បើគិតពីថ្ងៃចាប់ខ្លួននិងឃុំក្នុងពន្ធនាគារ រហូតមកដល់ពេលនេះមានរយៈពេល៥ខែ២៨ថ្ងៃហើយដែលលោក សុវណ្ណ រិទ្ធី បានជាប់ឃុំហើយនៅថ្ងៃនេះត្រូវមានសេរីភាពឡើងវិញផងដែរ នេះបើតាមការបញ្ជាក់របស់មន្រ្តីតុលាការ។
គួររំលឹកថាលោក សុវណ្ណ រិទ្ធី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ នៅក្នុងបុរីពិភពថ្មី,ខណ្ឌសែនសុខ,រាជធានីភ្នំពេញ។ លោកត្រូវបានតុលាការបានចោទប្រកាន់និងឃុំខ្លួនពីបទ«ញុះញង់អោយមាន ចលាចលក្នុងសង្គម»និងឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃសបន្ទាប់ពីបានបង្ហោះវីដេអូមួយដែលកាត់តធ្វើឱ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំរាជរដ្ឋាភិបាល៕ ប្រភព៖ Fresh News