
(ភ្នំពេញ): មានសំនួរសួរថា ហេតុអ្វីនៅប្រទេសកម្ពុជាយើងមិនប្រើលុយកាស? ពេលនេះលោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានបកស្រាយហើយ ដោយលោកជំទាវបានសរសេររៀបរាប់នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា: ធ្លាប់មានអ្នកសួរថា ស្រុកខ្មែរហេតុអ្វីមិនប្រើកាស។ ខ្ញុំប្រាប់ថា មិនមែនអត់មានទេ គឺមានតែគេមិនប្រើ។
តាមពិតទៅប្រើកាសចំណេញច្រើនព្រោះបោះពុម្ភតែម្តងប្រើបានរាប់សិបឆ្នាំ។ ប៉ុន្តែនៅស្រុកខ្មែរ មិនមានម៉ាសុីនចតឡានយកកាស ឫទូរលក់ទំនិញដោយស្វ័យប្រវត្ត ដែលទទួលយកកាសដូចស្រុកគេទេ។ ដូច្នេះប្រើកាសបានតែធ្ងន់កាបូបទេ។ លោកជំទាវបានបន្ដថា ម៉្យាងវិញទៀត សម័យឥឡូវការទូទាត់កាន់តែទំនើប ដោយប្រើកាតផ្លាស្ទិក ទូរស័ព្ទ ជាដើម ដូចនេះហើយមិនមានតម្រូវការកាសទេ។
បើមានក៏ទុកជាអនុស្សាវរីយ៌ទៅ។ លោកជំទាវក៏បានបន្ថែមថា ចង់ដឹងប្រវត្តិប្រាក់រៀលបន្ថែម សូមអញ្ចើញទស្សនាសារៈមន្ទី ស.ស.រ និងចូលរួមកម្មវិធីអបអរសាទរខួបទី៤០ឆ្នាំ នៃការបោះប្រាក់រៀលឡើងវិញ នាថ្ងៃច័ន្ទ.ទី២៨.ខែកញ្ញា ខាងមុខនេះនៅផ្សារ អេអន១ ចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង៨យប់។ កាស:coin/កាក់:cent៕