
(ទីស្តីក្រសួងមហាផ្ទៃ)៖ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីប្រតិបត្តិការបង្ក្រាបផលិតផលក្លែងក្លាយទូទៅ និងឱសថខុសច្បាប់ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ និងជាប្រធាន គ.ប.ផ.ក។
ក្នងការចុះប្រតិបត្តិការរយៈពេល៣ខែចុងក្រោយនេះ គ.ប.ផ.ក បានបង្ក្រាប និងរឹបអូសឱសថអន់គុណភាព ផុតសុពលភាព និងខុសច្បាប់ និងផលិតផលក្លែងក្លាយ-ខុសច្បាប់ទូទៅ សរុបចំនួនជាង៥០០តោន៖ ១.ផលិតផលស៊ីហ្សា(SISSHA)ចំនួន២១៩២ដប និងបារីអេទ្បិចត្រូនិច (E-Cigarette) ចំនួន៤៥៦គ្រឿង។ ដែលបានរឺបអូសពីទីតាំង រាជធានីភ្នំពេញ,ខេត្តបាត់ដំបង និងបន្ទាយមានជ័យ ២.ទឹកក្រូច និងទឹកផ្លែឈើ ជាផលិតផលខុសច្បាប់ និងហួសសុពលភាព ចំនួន៥៣៣តោន។
៣.ឱសថអន់គុណភាព ហួសកាលបរិច្ឆេទ និងខុសច្បាប់ ចំនួន២៣មុខ ស្នើនឹង ១.៥តោន ៤.ផលិតផលភេសជ្ជៈប៉ូវកំលាំង (Energy Drink) ជាផលិតផលដែលបានកែច្នៃ និងបន្លំថ្ងៃខែឆ្នាំផលិតនិងការប្រើប្រាស់នៅសំបកកំប៉ុងប្រមាណជាង ១២តោន ហើយបានលក់ចែកចាយអស់ប្រមាណជិត៣០០០កេសរួចទៅហើយ និងសម្ភារៈមួយចំនួនដូចជា ម៉ាស៊ីនផ្លុំស្ទីកគ័រ ផ្លាស្ទីកសំរាប់អ៊ុតកេស និងម៉ាស៊ីនកែបរិច្ឆេត ៥.ស្រាចិនម៉ាក ម៉ៅតាយ (MOUTAI) ចំណុះ៥០០ml ចំនួន៧១ដប ៦.ផលិតផលវេជ្ជសាស្ត្រ សារធាតុ ស ម្លា ប់ មេរោគ,ទឹកអប់ និងផលិតផលចម្រុះជាច្រេីនតោនទៀត។
ក្នុងសន្និសីទសារព័ត៌មាននេះ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ក៏បានលើកទ្បើងថាប្រសិនបើផលិតផលក្លែងក្លាយទាំងអស់នេះធ្លាក់ក្នុងដៃប្រជាពលរដ្ឋយកទៅប្រើប្រាស់ នឹងមានផលប៉ះពាល់ដល់សុខភាព និងមានភាពងាយរងគ្រោះ។ នាយឧត្តមសេនីយ៍ ក៏បានបញ្ជាក់ថា គ.ប.ផ.ក បានអនុវត្តតាមបទបញ្ជារបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី លើការងារបង្ក្រាបពាក់ព័ន្ធឧបករណ៍សម្ភារៈ និងសារធាតុ ស ម្លា ប់ មេរោគសម្រាប់ប្រឆាំងកូវីដ-១៩ ដែលក្លែងក្លាយ,អន់គុណភាព,គ្មានស្តង់ដារ និងខុសច្បាប់ បានរឹបអូសសរុបចំនួនជាង១០តោន និងឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្តថា ផលិតផលជាង៥០០តោននេះ នឹងធ្វើពិធីកម្ទេចនាពេលខាងមុខ។
គួររំលឹកផងដែរ គ.ប.ផ.ក បានរៀបចំធ្វើពិធីកម្ទេចផលិតផលក្លែងក្លាយ-ខុសច្បាប់ និងឱសថអន់គុណភាព-ខុសច្បាប់សរុបចំនួន៨លើក ស្មើនឹងចំនួនជិត៥០០តោន (ឱសថ១៣តោន)៕