
(ខេត្តកណ្តាល)៖ ដោយទទួលបានព័ត៌មានពីក្រុមការងារចំពោះកិច្ច(ក.ប.ប)រាជធានីភ្នំពេញនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ មន្ត្រីសាខា(ក.ប.ប.)ខេត្តកណ្តាល ដោយមានការសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្មនិងអាជ្ញាធរដែនដី ដោយមានការសម្របសម្រួលនិងដឹកនាំពីលោកព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យទីតាំងសិប្បកម្មផលិតពពុះសណ្តែកចំនួន០៧ទីតាំង នៅភូមិពុកឬស្សី,ឃុំពុកឬស្សី,និងភូមិស្វាយអាត់,ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល,ខេត្តកណ្តាល។
គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវស្វែងរកសារធាតុគីមីហាមឃាត់បូរ៉ាក់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាលទ្ធផលមន្រ្តីជំនាញបានដកហូតពពុះសណ្តែកដែលមានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ចំនួន០៧ទីតាំង សរុបទម្ងន់១០៨គីឡូក្រាម។ បន្ទាប់មកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាលបានសម្រេចផ្អាកទីតាំងផលិតបណ្តោះអាសន្ន។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារចំពោះកិច្ច(ក.ប.ប.)រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យផលិតផលម្ហូបអាហារក្នុងផ្សារច្បារអំពៅ,រាជធានីភ្នំពេញ។ ក្នុងសកម្មភាពនោះដែរ មន្ត្រីជំនាញបានរកឃើញ និងដកហូតពពុះសណ្តែកដែលមានផ្ទុកសារធាគីមីបូរ៉ាក់ចំនួន ២០.៥ គីឡូក្រាម។ បន្ទាប់ពីការធ្វើកំណត់ហេតុដកហូតនិងសាកសួរស្វែងរកប្រភពម្ចាស់ពពុះសណ្តែកខាងលើបានផ្តល់ព័ត៌មានលំអិតអំពីទីតាំងផលិតពពុះសណ្តែកមកកាន់មន្រ្តីជំនាញដើម្បីចាត់មន្រ្តីមានសមត្ថិកិច្ចបន្តស្រាវជ្រាវរកទីតាំងនិងប្រភពនៃការផលិត៕