ជនជាតិចិន២នាក់ទាស់សម្ដីគ្នា.រត់ចេញពីកន្លែងធ្វើចត្តាឡីស័កនៅភ្នំពេញទាំងយប់

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងតាមប្រព័ន្ធTelegramថា៖ ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានជាច្រើននៅយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ ពិតជាមានករណីជនជាតិចិន០២នាក់បានរត់ចេញពីសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ពិតប្រាកដមែន។ ពួកគាត់ជាអ្នកដំណើរមកពីប្រទេសចិនមកដល់កម្ពុជា នៅម៉ោងប្រហែល១១ថ្ងៃត្រង់នៃថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០។ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់បន្ថែមថា៖ ក្រោយពីបានចូលស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។ ដើម្បីរង់ចាំលទ្ធផលធ្វើតេស្តរកវីរុសកូវីដ-១៩ ពួកគាត់ក៏មានទំនាស់គ្នីគ្នាគាត់ បន្ទាប់មកក៏រត់ចេញពីសណ្ឋាគារនោះតែម្តង។ បច្ចុប្បន្នអាជ្ញាធរមានសមត្ថកិច្ចបាននិងកំពុងតែស្រាវជ្រាវរកបុគ្គលទាំងពីរនាក់ខាងលើនេះ។ ហើយលទ្ធផលតេស្តរបស់ពួកគាត់ទាំងពីរនាក់គឺអវិជ្ជមានវីរុសកូវីដ-១៩ ដែលតម្រូវឲ្យបន្តធ្វើចត្តាឡីស័កជាបន្តទៀត៕