មិនទាន់ចប់កូវីដផង ចិនរកឃើញវីរុសថ្មីនៅក្នុងសត្វជ្រូក មានហានិភ័យឆ្លងរាតត្បាតទៅមនុស្ស

(ក្រុងស៊ាងហៃ)៖ ការសិក្សាថ្មីមួយបានឲ្យដឹងថា វីរុសផ្តាសាយថ្មីដែលត្រូវបានរកឃើញនៅក្នុងសត្វជ្រូក មានហានិភ័យឆ្លងរាលដាលដល់មនុស្ស ហើយត្រូវការតាមដានយ៉ាងយកចិត្តទុកដាក់ក្នុងករណីដែលវាក្លាយជា“ វីរុសឆ្លងរាតត្បាត” ។ នេះបើយោងតាមប្រភពភ្នាក់ងារសារព័ត៌មានរ៉យទ័រ(Reuters)ដែលចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ។

​ជំងឺ​ផ្ដាសាយ​ជ្រូក​ប្រភេទ​ថ្មី​នេះ​មាន​ឈ្មោះ​ថា(G4)​ដែលវាកកើត​ចេញ​ពី​មេរោគ(H1N1)​ដែល​ធ្លាប់​ជា​មេរោគ​រាតត្បាត​កាល​ពី​ឆ្នាំ​២០០៩​កន្លង​ទៅ។ ​វា​ជា​មេរោគ​ដែល​អាច​ឆ្លង​មក​មនុស្ស​បាន ​មិន​ខុស​ពី​មេរោគ(H1N1)​នោះ​ទេ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​នៅ​ឡើយ ​មិន​ទាន់​មាន​ឆ្លង​មក​មនុស្ស​នោះ​ទេ។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​យក​មេរោគ​ដែល​រក​ឃើញ​នៅ​លើ​សត្វ​ជ្រូក​នោះទៅ​ពិនិត្យ ​មើល​ឃើញ​ថា​វា​មាន​សមត្ថភាព​អាច​បម្លែង​កោសិកា​របស់​ខ្លួន​បាន​ដើម្បី​រស់​នៅ​ក្នុង​ខ្លួន​មនុស្ស។ ​រោគ​សញ្ញា​របស់​មេរោគ​នេះ គឺ​បណ្ដាល​ឱ្យ​មនុស្ស​មាន​អាការៈ​ក្ដៅ​ខ្លួន ក្អក ​និង​កណ្ដាស់​ជា​ដើម។ ​ប្រសិន​បើ​មនុស្ស​មាន​សភាព​ទន់​ខ្សោយ ​ហើយ​ឆ្លង​មេរោគ​នេះ វា​អាច​នឹង​បណ្ដាល​ឱ្យ​ធ្ងន់ធ្ងរ​បាន​៕