តេីអ្នកវិជ្ជមានវីរុសកូវីដ-១៩​ មានការចម្លងវីរុសកូវីដ-១៩​នេះ​ ពីកន្លែងណា​?

(ភ្នំពេញ)៖ យោងតាមអត្ថបទសរសេរដោយ​ លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានសរសេររៀបរាប់ដែលមានខ្លឹមសារដូចតទៅ៖ «តេីអ្នកវិជ្ជមានវីរុសកូវីដ-១៩​ មានការចម្លងវីរុសកូវីដ-១៩​នេះ​ ពីកន្លែងណា​? សម្រាប់សំណួរថា​ តេីបុគ្គលដែលមាន​ វិជ្ជមានវីរុសកូវីដ-១៩​ មានការឆ្លងវីរុសនេះនៅកន្លែងណា? ខ្ញុំសូមជម្រាបជូនថា​ យេីងមិនអាចដឹងបានទេ​ ដោយសារយេីងក៏មិនដឹងដែរថា​ វីរុសកូវីដ-១៩​នេះ​ មានអត្តចរិកបែបណា​និង​នៅកន្លែងណាដែរ​ ហេីយក៏មិនអាចដឹងបានថា​ តេីបុគ្គលនេះគាត់បានប៉ះពាល់អ្វីខ្លះដែលមានវត្តមានវីរុសនេះដែរ? សូម្បីតែបុគ្គលផ្ទាល់​ក៏គាត់ប្រហែលជាមិនបានដឹងខ្លួនផង​។ តែអ្វីដែលយេីងដឹងនោះ​ គឺបណ្តាលមកពីកង្វះខាតក្នុងការអនុវត្តន៍វិធានការការពារខ្លួនបានត្រឹមត្រូវ​ ជាពិសេស​ ហានិភ័យខ្ពស់នៅពេលដែលបុគ្គលចល័ត​ ធ្វេីដំណេីរពីកន្លែងមួយទៅកន្លែងមួយដោយភ្លេចអនុវត្តន៍វិធានការការពារខ្លួន។

ដូច្នេះហេីយ​ បានជាខ្ញុំសូមធ្វេីការអំពាវនាវហេីយអំពាវនាវទៀត​ ដល់បងប្អូនប្រជាពលរដ្ឋយេីង​ទាំងអស់ ឲ្យចេះការពារខ្លួន​ កុំភ្លេចខ្លួនឲ្យសោះ​ ដោយត្រូវចេះផ្លាស់ប្តូរទម្លាប់របស់ខ្លួនឲ្យស្របតាម​ “ការរស់នៅធម្មតា​ តាមបែបគន្លងថ្មី” ។ ខ្ញុំធ្លាប់បានពន្យល់ហេីយថា​ ការធ្វេីតេស្តឃេីញអវិជ្ជមាន​ មិនមែនមានន័យថាយេីងអត់មានវីរុសនេះរហូតនោះទេ។ អវិជ្ជមានពេលម៉ោងដែលធ្វេីតេស្ត​ តែចប់ពីពេលធ្វេីតេស្តទៅ​ គឺអាចឆ្លងចូល​ខ្លួនបុគ្គល នៅគ្រប់ពេលវេលា​គ្រប់កាលទេសៈ​និងគ្រប់ទីកន្លែង​ប្រសិនបេីភ្លេចខ្លួន​ឫមិនបានការពារខ្លួនទេនោះ។

ម្យ៉ាងទៀត​ភាពធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩​នេះ​ គឺយេីងមិនត្រូវមេីលរំលងទេ​ ដោយវីរុសកូវីដ-១៩​នេះ​ វ៉ៃលុកផ្លូវដង្ហេីមសាហាវណាស់​ធ្វេីឲ្យមនុស្សពិបាកដកដង្ហេីមណាស់​ រហូតដល់​ត្រដរខ្យល់ដោយខ្វះអុកស៊ីហ្សែន​ ដែលក្រុមគ្រូពេទ្យក៏ពិបាកនឹងជួយសង្គ្រោះឲ្យផុតពីសេចក្តីស្លាប់។ ជ្រោះមរណៈ​ដោយសារជំងឺកូវីដ-១៩​ស្ថិតនៅក្នុងស្ថានភាពគួរឲ្យមានការព្រួយបារម្ភណាស់នៅលេីសាកលលោក​ នៅក្នុងតំបន់​នៅតាមបណ្តាប្រទេស​នៅតាមសហគមន៍​និងសម្រាប់បុគ្គល។ ដូច្នេះ​សូមបងប្អូនប្រជាពលរដ្ឋយេីង​ ជាពិសេសបុគ្គលគ្រប់រូប​ត្រូវតែខិតខំបន្តកិច្ចការពារខ្លួនពីការចម្លងវីរុសដ៏កាចសាហាវនេះ​ ដេីម្បីសុខភាពផ្ទាល់ខ្លួន​ ក្រុមគ្រួសារខ្លួន​និងសហគមន៍របស់ខ្លួន​គ្មានការចម្លងវីរុសកូវីដ-១៩​។ សូមអនុវត្តន៍ការរស់នៅធម្មតា​តាមបែបគន្លងថ្មី​ ជាមួយនឹងការអនុវត្តន៍កិច្ចការពារខ្លួនជាប់ជាប្រចាំ​ ដេីម្បីចៀសផុតពីជ្រោះមរណៈ ដោយសារភាពធ្ងន់ធ្ងរនៃជំងឺដ៏កាចសាហាវនេះគ្រប់ៗគ្នា។ សូមអរគុណជាអនេកនូវរាល់ការចូលរួមទាំងអស់​ ដេីម្បីទប់ស្កាត់រលកទីពីរនៃការចម្លងវីរុសកូវីដ-១៩​ នៅកម្ពុជា»៕ ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា