
(ជប៉ុន)៖ នៅទីបំផុតនាយករដ្ឋមន្រ្តីជប៉ុនលោក អាបេ ស៊ីនហ្សូ បានប្រកាសដោយផ្ទាល់ថា នឹងលាលែងពីតំណែងដោយសារបញ្ហាសុខភាព តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ព័ត៌មាននេះត្រូវបានផ្សព្វផ្សាយពាសពេញពិភពលោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានជប៉ុន(NHK)នៅរសៀលថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០។
នេះគឺជាលើកទី២ហើយក្នុងជីវិតលោក អាបេ ដែលលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រីដោយសារបញ្ហាសុខភាព ដោយកាលពីឆ្នាំ២០០៧ នាយករដ្ឋមន្ត្រីជប៉ុនរូបនេះក៏ធ្លាប់បានប្រកាសលាលែងពីតំណែងផងដែរដោយសារជំងឺរលាកពោះវៀនធំនិងពោះវៀនតតូចធ្ងន់ធ្ងរ ក្រោយកាន់អំណាចបានមួយឆ្នាំ។
លោក អាបេ ស៊ីនហ្សូ បានចូលមន្ទីរពេទ្យចំនួនពីរដងក្នុងរយៈពេលមួយសប្តាហ៍ហើយក៏ធ្លាប់ត្រូវបានគេរាយការណ៍ដែរថា ក្អួតចេញឈាមតាមមាត់នៅក្នុងបន្ទប់ការិយាល័យរបស់លោក កាលពីថ្ងៃទី០៦ ខែកក្កដា។
អាណត្តិជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាធិបតេយ្យសេរី LDP នឹងត្រូវបញ្ចប់នៅខែកញ្ញាឆ្នាំ២០២១។
គួរបញ្ជាក់ថាលោក អាបេ ស៊ីនហ្សូ បានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីជប៉ុននៅឆ្នាំ២០០៦និងកាន់តំណែងនេះជាថ្មីម្ដងទៀតនៅឆ្នាំ២០១២រហូតមកទល់នឹងបច្ចុប្បន្ន ដែលធ្វើឱ្យលោកក្លាយជានាយករដ្ឋមន្ត្រី កាន់តំណែងយូរជាងគេបំផុតនៅក្នុងប្រទេសជប៉ុន។ ទោះជាយ៉ាណាពេលវេលាជាក់លាក់នៃការលាលែងចេញពីតំណែងរបស់លោក អាបេ មិនត្រូវត្រូវបញ្ជាក់នោះឡើយ៕