
(ភ្នំពេញ)៖ កន្លងមកប្រិយមិត្ត ធ្លាប់មានការភ្ញាក់ផ្អើល ក្រោយមានចចាមអារ៉ាមថាលោក ណូយ វ៉ាន់ណេត មានបញ្ហាជីវភាព រហូតធ្លាក់ខ្លួនដល់ថ្នាក់ធ្វើកម្មករសំណង ប៉ុន្តែឥឡូវនេះ ប្រិយមិត្តប្រកដជាអស់ចម្លល់ ក្រោយដឹងពីប្រាក់ចំណូលប្រចាំខែរបស់តារាចម្រៀងជើងចាស់រូបនេះ។
តាមការបញ្ជាក់ពីតារាចម្រៀងជើងចាស់លោកណូយ វ៉ាន់ណេត ដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ផលិតកម្មណាមួយនោះ បានឲ្យដឹងថា លោកបានឈោងចាប់ការងារស្ទើរគ្រប់ប្រភេទបន្ថែមលើអាជីពចម្រៀង បើទោះបីជាប្រភពចំណូលពីអាជីពសិល្បៈនៅមានភាពល្អប្រសើរក្ដី។ បច្ចុប្បន្នតារាចម្រៀងដែលនៅតែទទួលបានការគាំទ្រច្រើនពីមនុស្សវ័យចំណាស់ និងវ័យកណ្ដាល នៅតែអាចរក្សាប្រភពចំណូលក្បែរម៉ឺនដុល្លារដដែលក្នុង១ខែ តាមរយៈសំនៀងដ៏ក្រអូនក្រអៅរបស់លោកនៅលើឆាកកម្មវិធីផ្សេងៗ។
តារាចម្រៀងចាស់វស្សាសម្លេងពិរោះរូបនេះបាននិយាយថា បច្ចុប្បន្នរូបលោកនៅតែទទួលបានការគាំទ្រច្រើនពីប្រិយមិត្ត ព្រោះម្ចាស់កម្មវិធីភាគច្រើននៅពេញចិត្តនឹងសំនៀងរបស់លោក ហើយបានអញ្ជើញលោកឲ្យច្រៀងជាហូរហែ បើទោះបីជាមួយរយៈចុងក្រោយនេះកម្ពុជាមានវិបត្តិកូវីដ១៩ក្ដី។ លោកណូយ វ៉ាន់ណេត បង្ហើបថា រូបលោកទទួលបានការច្រៀងក្នុងកម្មវិធីផ្សេងៗរាល់ខែមិនដែលដាច់ឡើយ ហើយការច្រៀងនៅភ្នំពេញមានតម្លៃប្រមាណ៧០០ដុល្លារ និងតាមបណ្ដាខេត្តឆ្ងាយៗដូចជារតនគីរី និងមណ្ឌលគិរីជាដើម គឺលោកយកតម្លៃពី ១៣០០ទៅ១៨០០ដុល្លារ ក្នុងមួយកម្មវិធី។
ប្រភពចំណូលក្រៅពីអាជីពចម្រៀងលោកណូយ វ៉ាន់ណេត ក៏មានមុខរបរសំខាន់មួយទៀតដែរ គឺលក់ជីធម្មជាតិ និងសម្ភារៈកសិកម្មដែលមានចំណូលប្រចាំខែប្រមាណ២០០០ដុល្លារ។ លោកបន្តថា បើទោះបីជាថ្ងៃណាមួយលោកត្រូវដាច់ឆ្ងាយពីសិល្បៈក៏លោកនៅតែអាចរកចំណូលបានច្រើនគួរសម ព្រោះនៅមានការងារជាច្រើនណាស់នៅរង់ចាំលោក ហើយលោកមិនដែលខ្ជិល ឬផ្ដេកផ្ដួលលើការងារណាមួយឡើយ សូម្បីតែការងារសំណង់៕ប្រភព៖ Sabay News