
(សៀមរាប)៖ អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានបង្ហោះឲ្យដឹងនៅលើគណនី Facebook របស់លោកថា៖ ការបំពាក់អំពូលសូឡាតាមផ្ទះ ជូនអ្នកភូមិត្រពាំងថ្មត្រូវបានបញ្ចប់ទាំងស្រុង ចាប់ពីពេលនេះទៅ ពេលរាត្រីនៅក្នុងភូមិទាំងមូលលែងងងឹតសូន្យឈឹងដូចកាលពីមុនទៀតហើយ។
លោកបានបញ្ជាក់ថា ការបំពាក់អំពូលតាមផ្ទះនេះគឺជាផ្នែកមួយនៃយុទ្ធនាការ“ផ្ទះ១ អំពូល១”តែការផ្តល់ជូនលើកនេះ គឺជាការផ្តល់ជូនដែលមានអត្ថន័យបំផុត ព្រោះភូមិដែលមានប្រជាជនចំនួន២៤៥គ្រួសារមួយនេះ គឺជាភូមិដែលមានការខ្វះខាតខ្លាំងជាងគេនៅក្នុងស្រុកបន្ទាយស្រី ហើយក៏មិនទាន់មានបណ្តាញចែកចាយអគ្គីសនីចូលមកដល់នៅឡើយ។ បន្ថែមពីនេះ លោកបានថ្លែងអំណរគុណដល់ក្រុមហ៊ុន Seatel ដែលបានចូលរួមឧបត្ថម្ភគាំទ្រ ផ្តល់អំពូលសូឡាចំនួន ២៤៥គ្រឿង ដល់យុទ្ធនាការ”ផ្ទះ១ អំពូល១” ក្នុងភូមិត្រពាំងថ្មនេះ។