បង្គាមានចាក់បញ្ចូលចាហួយជាច្រើនគីឡូ ត្រូវបានមន្រ្តីជំនាញរកឃើញ នៅក្នុងផ្សារក្តាម ខេត្តកែប

(ខេត្តកំពត-កែប)៖ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ មន្ត្រីសាខា(ក.ប.ប.)ខេត្តកំពត-កែប ដោយមានការសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរមូលដ្ឋានបានបន្តចុះត្រួតពិនិត្យផលិតផលម្ហូបអាហារនៅក្នុងផ្សារក្តាមខេត្តកែប។ ក្នុងសកម្មភាពត្រួតពិនិត្យ មន្ត្រីជំនាញបានធ្វើការវិភាគបឋមរកសារធាតុគីមីហាមឃាត់នៅលើបង្គាចំនួន២៣តូប ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាមួយគ្នានោះមន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ។

ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញបង្គាដែលមានផ្ទុកសារធាតុស្រដៀងចាហួយចំនួន៣៩គីឡូក្រាម។ បន្ទាប់មកមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតបង្គាទាំងនោះ ដើម្បីយកទៅដុតកម្ទេចចោលភ្លាមៗ ក្នុងការដុតកម្ទេចនេះដែរ មានការចូលរួមពីឯកឧត្តមអភិបាលខេត្តកែបនិងសម្របសម្រួលដោយលោកព្រះរាជាអាជ្ញាអមសាលាដំបូងខេត្តផងដែរ។

ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀតឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព,សុវត្ថិភាពលើផលិតផលទំនិញនិងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ដើម្បីជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕