
អណ្តើកហ្លួងចំនួន២ក្បាលត្រូវបានប្រជាពលរដ្ឋប្រគល់ឱ្យក្រសួងបរិស្ថានធ្វើការអភិរក្ស ក្រោយពីបានទទួលទិញពីអ្នកនេសាទខុ.សច្បា.ប់នៅក្នុងភូមិសាស្ត្រស្រុកស្រែអំបិល ខេត្តកោះកុង។ ពិធីប្រគល់សត្វអណ្តើហ្លួងនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២០ ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា អណ្តើកហ្លួងទាំង២ក្បាលនេះ ត្រូវប្រគល់បន្តទៅឲ្យអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជាហៅកាត់(WCS)ដើម្បីធ្វើការអភិរក្ស។ ឯកឧត្តមបានកោតសរសើរចំពោះការស្ម័គ្រចិត្តដោយលះបង់ថវិកាផ្ទាល់ខ្លួន ក្នុងការចូលរួមសង្គ្រោះសត្វព្រៃនិងចូលរួមថែរក្សានិងអភិរក្សប្រភេទសត្វអណ្តើកកម្រនេះរបស់ក្រុមគ្រួសារលោកស្រី ឡាយ ផុនថេង។ ឯកឧត្តមមានប្រសាសន៍ថា ការបញ្ឈប់ការបរិភោគសត្វព្រៃរបស់ប្រជាពលរដ្ឋនឹងបញ្ចប់បាននូវការបរ.បា.ញ់.និងការជួញដូរខុសច្បាប់។
លោក សោម ស៊ីថា ប្រធានគម្រោងអភិរក្សអណ្តើកហ្លួងនៃអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា(WCS)មានប្រសាសន៍ថា អណ្តើកហ្លួងនឹងបញ្ជូនទៅមជ្ឈមណ្ឌលសង្គ្រោះ និងអភិរក្សសត្វល្មូនមួយកន្លែងនៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង តាំងពីឆ្នាំ២០០៦មក។ អ្នកជំនាញរូបនេះ បានសន្និដ្ឋានថា អណ្តើកហ្លួងទាំងពីរក្បាលនេះមានអាយុប្រហែល១៤ឆ្នាំ ខណៈអាយុកាលរស់របស់វាត្រូវបានប៉ាន់ស្មានថាមានជាង១០០ឆ្នាំឡើងទៅ។ លោកឱ្យដឹងថា អណ្ដើកហ្លួងញីអាចមានទំហំរហូតដល់៦០សង្ទីម៉ែត្រនិងអាចបន្តពូជនៅអាយុ២០ឆ្នាំ ខណៈឈ្មោលអាចមានទំហំ៤៩សង្ទីម៉ែត្រ។ អណ្ដើកហ្លួងធ្លាប់ត្រូវបានគេគិតថា ផុតពូជពីកម្ពុជាទៅហើយរហូតដល់ឆ្នាំ២០០០ នៅពេលរដ្ឋបាលជលផលនិងអង្គការ(WCS)បានសិក្សាស្រាវជ្រាវនិងរកឃើញចំនួនសេសសល់តិចតួចរបស់វាមាននៅតាមប្រព័ន្ធព្រែកស្រែអំបិលក្នុងប្រទេសកម្ពុជា។
មន្ត្រីគម្រោងអភិរក្សអណ្តើកហ្លួងនៃអង្គការ(WCS)បានឱ្យដឹងថា បច្ចុប្បន្នកូនអណ្តើកហ្លួងចំនួន៤៥០ក្បាលបានស្ថិតក្នុងចិញ្ចឹមក្នុងមជ្ឈមណ្ឌលសង្គ្រោះ និងអភិរក្សសត្វល្មូនក្នុងស្រុកស្រែអំបិល ខណៈពូជអណ្តើកប្រភេទនេះស្ថិតក្នុងវ័យជំទង់ចំនួន៨៦ក្បាលទៀតត្រូវបានព្រលែងឱ្យទៅរស់នៅតាមបែបធម្មជាតិ។ អណ្តើកហ្លួងជាប្រភេទល្មូនដែលស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិហៅកាត់(IUCN)ជាប្រភេទរ.ងគ្រោះ.ថ្នាក់ជិតផុតពូជ ក្នុងចំណោមអណ្តើកទាំង២៥ប្រភេទដែលកំពុងរងគ្រោះថ្នាក់ខ្លាំងជាងគេនៅលើភពលោក។ អណ្ដើកប្រភេទកម្រនេះ ត្រូវបានរងការគម្រាមគំហែងដោយការកាប់បំផ្លាញព្រៃលិចទឹក ការនេសាទខុស.ច្បា.ប់.ដូចជា ការប្រើប្រាស់ឧបករណ៍ឆក់ត្រី,ការដាក់សន្ទូច,ឧបករណ៍ហាមឃាត់នានាការនេសាទក្នុងតំបន់ហាមឃាត់ជាដើមជាពិសេសការបូមខ្សាច់បានបំផ្លាញទីតាំងសម្រាប់អណ្ដើកហ្លួងពងកូនដែលធ្វើឱ្យចំនួនអណ្ដើកហ្លួងកាន់តែថយចុះយ៉ាងខ្លាំងដែលអាចឈានដល់ផុតពូជនាពេលខាងមុខបើមិនមានការការពារត្រឹមត្រូវ៕ ប្រភព៖ ក្រសួងបរិស្ថាន