រយៈពេល ០៥ថ្ងៃ ពីថ្ងៃទី ១៦-២០ សីហា មានភ្ញៀវទេសចរទៅលេងខេត្តសៀមរាប ចំនួនជាង ១៨មុឺននាក់!

(សៀមរាប)៖ តាមរបាយការណ៍របស់លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ក្នុងរយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី ១៦-២០ ខែសីហា ឆ្នាំ២០២០ ខេត្តសៀមរាបទទួលបានទេសចរ ១៨១,៨៦៨នាក់ ក្នុងនោះភ្ញៀវទេសចរជាតិប្រមាណ ១៨មុឺននាក់ និងទេសចរបរទេស ១,៨៦៨នាក់។ ខេត្តសៀមរាបបានរៀបចំព្រឹត្តការណ៍ និងកម្មវិធីប្លែកៗជាច្រើនដែលមានឈ្មោះថា “សម្រាកសៀមរាប” ដើម្បីទាក់ទាញទេសចរឲ្យមកទស្សនាកម្សាន្តនាឱកាសថ្ងៃឈប់សម្រាករយៈពេលវែង។

សម្រាកសៀមរាប មានកម្មវិធីកំសាន្តជាច្រើនរួមមាន៖ ១.កម្មវិធីសាសនា បួងសួងសុំសេចក្តីសុខ ២.កម្មវិធីពិព័រណ៍បន្លែផ្លែឈើកសិផល ផលិតផល ក្រុង-ស្រុកទាំង១២ ៣.កម្មវិធីប្រកួតម្ហូបអាហារពានរង្វាន់មាន់អាំងឆ្ងាញ់ជាងគេនៅខេត្តសៀមរាប ៤.ផ្សារទឹក ៥.ផាប់ស្ទ្រីត ៦.កម្មវិធីជិះកង់ ៧.កម្មវិធីកីឡាវាយកូនហ្គោល ៨.កម្មវិធីដើរព្រៃចង្ក្រានរយភ្នំគូលែន ៩.ផ្ទាំងទស្សនីយភាពសិល្បៈ។

ស្ថិតក្នុងវិបត្តិជំងឺកូវីដ១៩ រដ្ឋបាលខេត្តសៀមរាបបានគិតគូរ និងទទូចដល់ប្រតិបត្តិករទេសចរណ៍ និងភ្ញៀវទេសចរ ចូលរួមអនុវត្តវិធានការការពារជំ.ងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ ដូចខាងក្រោម៖ ១.កុំភ្លេចត្រៀមយកពាក់ម៉ាស់ ឬក្រម៉ា ២.កុំភ្លេចជែលឬអាល់កុលលាងដៃ (បានដាក់សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ) ៣.កុំភ្លេចរក្សាគម្លាតសុវត្ថិភាព៕ ប្រភព «ក្រសួងទេសចរណ៍»