
(ខេត្តមណ្ឌលគិរី)៖ ខេត្តមណ្ឌលគិរីដែលធ្លាប់តែជាតំបន់ចុងកាត់មាត់ញ៉កសម្បូរតែព្រៃភ្នំគ្មានអ្នកចាប់អារម្មណ៍មករស់នៅឬលេងកម្សាន្ត កាលពីជាង១០ឆ្នាំមុន បច្ចុប្បន្ននេះខេត្តមណ្ឌលគិរីកំពុងទាក់ទាញភ្ញៀវទេសចររាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗតែជាការសោកស្តាយអ្នកដើរលេងច្រើនវត្តមានសំរាមថង់ផ្លាស្ទិចក៏មានពាសវាលពាសកាលស្ទើរគ្រប់ទីកន្លែង។ កាលពីរសៀលថ្ងៃទី១៧សីហាអាជ្ញាធរស្រុកអូររាំងបានឲ្យដឹងថា៖
នៅតាមសងខាងផ្លូវជាតិលេខ៧៦ពីស្រុកអូររាំងទៅក្រុងសែនមនោរម្យនៅចំនុចចំការស្រល់និងវាលស្មៅមានរថយន្តអ្នកដើរលេងរាប់រយគ្រឿងបានឈប់តម្រៀបគ្នាចូលថតរូបទេសភាពដ៏ស្រស់ត្រកាល ប៉ុន្តែពួកគាត់បែរជាបន្សល់ទុកនូវសំរាមដ៏ច្រើនតាមដងផ្លូវដែលតម្រូវឲ្យសមត្ថកិច្ចនិងអាជ្ញាធរត្រូវនាំគ្នាដើររើសប្រមូលយកទៅចោលតាមក្រោយ។ចំណែកអ្នកភូមិរស់នៅតាមទីរមណីយដ្ឋានានាក្នុងស្រុកពេជ្រាដានិងក្រុងសែនមនោរម្យក៏បានឲ្យដឹងថា៖
នៅកន្លែងដើរលេងដូចជា៖ សមុទ្រឈើ,ភ្នំអណ្តូងស្នេហ៍,ចំការដើមស្រល់និងទីតាំងទេសភាពជាច្រើនត្រូវអាប់សម្រស់ព្រោះតែអ្នកដើរមួយចំនួននាំគ្នាទៅហូបអាហារអង្គុយលេងនៅទីនោះរួចមិនបានប្រមូលសំរាមយកទៅចោលឲ្យបានត្រឹមត្រូវឡើយ។
អាជ្ញាធរខេត្តបានសំនូមពរដល់បណ្តាភ្ញៀវទេសចរទាំងអស់សូមចូលរួមទាំងអស់គ្នាដើម្បីថែរក្សាបរិស្ថាន ជាពិសេសតំបន់ទេសចរណ៍ធម្មជាតិដែលបងប្អូនត្រូវការស្រូបយកខ្យល់អាកាសបរិសុទ្ធបើម្នាក់ចោលបន្តិចនោះវាប្រាកដជាបង្កើតទៅជាគំនរសំរាមបំផ្លាញសម្រស់ធម្មជាតិបំផ្លាញបរិស្ថានថ្ងៃក្រោយប្រាកដជាគ្មាននរណាម្នាក់ចង់ទៅលេងកម្សាន្តទៀតឡើយ។
បើយោងតាមមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីបានឲ្យដឹងថា៖ គិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ មានអ្នកទេសចរណ៍ច្រើនជាងមួយម៉ឺននាក់កំពុងដើរលេងកម្សាន្តនៅតាមរមណីយដ្ឋានានាក្នុងខេត្តហើយផ្ទះសំណាក់សណ្ឋាគារទាំងអស់ក្នុងខេត្តក៏គ្មានសេសសល់បន្ទប់ទំនេរដែរគឺពេញណែនតែម្តង៕