
ក្រៅពីការងារហ្វឹកហ្វឺនរៀនសូត្រនិងអនុវត្តន៍ភារកិច្ចស្នូលយោធិននៃអង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៣កងពលតូចថ្មើរជើងលេខ៥១បានឆ្លៀតរៀនពីវិធីផលិតសាប៊ូលាងចានដើម្បីផលិតប្រើប្រាស់ក្នុងអង្គភាពនិងចែកជូនតាមបណ្តាកងឯកភាពចំណុះយកទៅប្រើប្រាស់ជាប្រចាំថ្ងៃផងដែរ។
មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៣ លោកវរសេនីយ៍ទោ យូ សុគន្ធភក្តី បានឱ្យដឹងថាដើម្បីធានាសុខុមាលភាពរបស់កងទ័ព គឺមិនត្រូវពឹងផ្អែកតែលើការទិញផលិតផលពីខាងក្រៅទាំងស្រុងនោះទេ។
លោកថាអនុវត្តន៍តាមផែនការរបស់កងពលអង្គភាពត្រូវផលិតបន្លែ,ត្រី,សាច់គ្រប់ប្រភេទដើម្បីផ្គត់ផ្គង់ទ័ពក្នុងអង្គភាព បន្ថែមពីនេះទៀតគឺមានផលិតផលសាប៊ូលាងចានដែលជាស្នាដៃផលិតដោយកងទ័ពផ្ទាល់ហើយអាចធានាបានទាំងគុណភាព,សុវត្ថិភាពចំពោះសុខុមាលភាពអ្នកប្រើប្រាស់។
លោកបានបញ្ជាក់ឱ្យដឹងថា ការកែច្នៃផលិតសាប៊ូលាងចាននេះគឺជាគំនិតច្នៃប្រឌិតថ្មីមួយបន្ថែមលើការងារច្នៃប្រឌិតមួយចំនួនដែលបច្ចុប្បន្នអង្គភាពនេះមានជារោងជាងសិប្បកម្មផលិតឥដ្ឋផលិតកញ្ចុះ ការកែច្នៃសំបកកង់ឡានធ្វើជារបស់ប្រើប្រាស់ និងការដាំដុះបង្កបង្កើនផល ចិញ្ចឹមសត្វ រួមទាំងកិច្ចការផ្សេងៗមួយចំនួនទៀត។