ត្រៀមទៅលេង ! សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញសម្ពោធសួនទឹក «ហ្គាឌិនស៊ីធី» តម្លៃជាង ៤៤លានដុល្លារ របស់ឧកញ៉ា លី យ៉ុងផាត់

(ភ្នំពេញ): នៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទស្សនកិច្ចនិងបើកសម្ពោធសួនទឹក«ហ្គាឌិនស៊ីធី»របស់ឧកញ៉ា លី យ៉ុងផាត់ ស្ថិតនៅសង្កាត់ព្រែកតាសេក,ខណ្ឌជ្រោយចង្វា,រាជធានីភ្នំពេញ។ សួនទឹក«ហ្គាឌិនស៊ីធី»គឺជាកន្លែងលេងទឹកកម្សាន្តដ៏ធំនិងដំបូងគេនៅក្នុងប្រទេសកម្ពុជាត្រូវបានសាងសង់ឡើងនៅតំបន់អភិវឌ្ឍន៍របស់លោកឧកញ៉ា លី យ៉ុងផាត់ ដែលជាតំបន់អភិវឌ្ឍន៍រណបមួយភាគខាងជើងឈាងខាងកើតរាជធានីភ្នំពេញ។

សួនទឹក«ហ្គាឌិនស៊ីធី»ត្រូវបានបោះទុនវិនិយោគសរុបជាង៤៤លានដុល្លារអាមេរិក។ សួនទឹកនេះត្រូវបានសាងសង់ឡើងលើផ្ទៃដីជាង៨ហិកតា ដោយចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ហើយបញ្ចប់ការសាងសង់ទាំងស្រុងនៅខែកក្កដាឆ្នាំ២០២០។

សួនទឹកហ្គាឌិនស៊ីធីមានឧបករណ៍សម្រាប់លេងកម្សាន្តទាំងអស់ចំនួន៣៨ ដែលទាន់សម័យនិងមានគុណភាពល្អដោយបាននាំចូលពីសហរដ្ឋអាមេរិកនិងសហគមន៍អឺរ៉ុប។ ឧបករណ៍លេងកម្សាន្តទាំងនេះត្រូវបានរចនាឡើងសម្រាប់មនុស្សគ្រប់វ័យទាំងវ័យកុមារ,ជំទង់,យុវវ័យនិងវ័យចំណាស់ផងដែរ។ គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងផ្សាយផ្ទាល់ពិធីនេះនៅម៉ោង៨:០០នាទីព្រឹកពីសួនទឹក«ហ្គាឌិនស៊ីធី»៕