ព្រឹកនេះ កម្ពុជារកឃើញអ្នកកើតកូវីដ១៩ ចំនួន ២នាក់បន្ថែមទៀត ជាជនជាតិ…

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានប្រកាសឱ្យដឹងថា បានរកឃើញអ្នកកើតកូវីដ១៩ ចំនួន២នាក់បន្ថែមទៀតជាជនជាតិចិនមកពីហ្វីលីពិននិងជាជនជាតិអាមេរិកមកពីសហរដ្ឋអាមេរិក។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា៖ បុរសជនជាតិចិនមានអាយុ២២ឆ្នាំ ដែលដាក់ឱ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។ បុរសជនជាតិចិននេះជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសហ្វីលីពីនតាមជើងហោះហើរហើយមកដល់កម្ពុជានៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០។

បច្ចុប្បន្នបុរសរូបនេះបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ។ ចំណែកស្រ្តីជនជាតិអាម៉េរិកកាំងមានអាយុ២៥ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក ហើយបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូងមកដល់កម្ពុជានៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។ ស្រ្តីរូបនេះធ្វើតេស្តពេលមកដល់ទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ក្រសួងបានឱ្យដឹងថា ក្នុងជើងហោះហើរនេះមានអ្នកដំណើរសរុប២៥នាក់(ស្រី០៧នាក់,បុរស០៩នាក់និងកុមារ០៩នាក់)។ ក្នុងនោះមានជនជាតិខ្មែរ១៤នាក់ ជនជាតិអាម៉េរិកកាំង០៥នាក់,ជនជាតិកូរ៉េខាងត្បូង០១នាក់,ជនជាតិវៀតណាម០១នាក់,ជនជាតិថៃ០១នាក់,ជនជាតិទូកគឺ០១នាក់និងជនជាតិអង់គ្លេស០២នាក់។

អ្នកដំណើរដែលមានលទ្ធផលតេស្តអវិជ្ជមានកូវីដ-១៩ ចំនួន២១នាក់ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញនិងមន្ត្រីស្ថានទូតអាម៉េរិកចំនួន០៣នាក់ ស្នាក់នៅក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជាដែលគ្រប់គ្រងដោយស្ថានទូតអាម៉េរិកប្រចាំកម្ពុជា។

យោងតាមក្រសួងសុខាភិបាលគិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកកើតកូវីដ១៩ សរុប២៦៨នាក់,ស្ត្រី៥៣នាក់និងបុរស២១៥នាក់។ ក្នុងនោះអ្នកព្យាបាលជាសះស្បើយសរុប២២០នាក់មានស្ត្រី៤៦នាក់និងបុរស១៧៤នាក់៕