
ទោះបីជាទឹកដីខ្មែរកម្ពុជាក្រោម ស្ថិតនៅក្រោមការគ្រប់គ្រងរបស់វៀតណាមទៅហើយក្តី ក៏ព្រះសង្ឃ បងប្អូនខ្មែរក្រោម មិនបានបោះបង់ចោលនូវវប្បធម៌ ដ៏ផូផង់របស់ខ្លួនឡើយ ទំនៀមទំលាប់ ប្រពៃណីខ្មែរជាច្រើនត្រូវបានថែរក្សាឱ្យនៅគង់វង្សរហូតដល់សព្វថ្ងៃនេះ ។
ជាមួយនឹងការចូលរួមថែរក្សា សម្បត្តិវប្បធម៌នេះ បងប្អូនខ្មែរកម្ពុជាក្រោម ក៏បានបង្កើត សារៈមន្ទីរមួយនៅខេត្តមាត់ជ្រូក ដែលសារៈមន្ទីរនោះភាគច្រើន បានដាក់តាំងរបស់របរប្រើប្រាស់សម្រាប់វិស័យកសិកម្មរបស់ប្រជាកសិករខ្មែរ តាំងពីសម័យបុរាណមកម្ល៉េះ ដែលសម្ភារៈទាំងនេះស្ទើរតែបាត់បង់ទៅហើយ ។
នៅក្នុងសារមន្ទីរ នៅខេត្តមាត់ជ្រូក តាមការបង្ហាញរបស់ហ្វេសប៊ុកឈ្មោះ Nia Thy Khmer បានឱ្យដឹងថា មានសម្ភារៈខ្លះមានអាយុកាលជាង១០០ ឆ្នាំមកហើយ សម្ភារៈខ្លះបានសរសេរឈ្មោះរបស់ម្ចាស់ និង ឆ្នាំកសាងទៀតផង ។ ដូចជារទេះសាឡីដ៏តូចច្រឡឹងមួយ ដែលសរសេរនៅជាប់ខាងក្រោយរទេះនោះថា តាហ៊ីម ស្រឡូង គ ស ១៨៩៤ ជាដើម ក្រៅពីនេះ ក៏មានសម្ភារៈចំណាស់ៗជាច្រើនទៀតដាក់តាំងនៅសារៈមន្ទីរនេះផងដែរ ៕