ក្ដៅៗ ! ក្រសួងសុខាភិបាល បានសម្រេចផ្អាកជើងយន្តហោះពីប្រទេសហ្វីលីពីនហើយ…

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា ចេញប្រកាសសម្រេចផ្អាកជើងយន្តហោះពីប្រទេសហ្វីលីពីនដោយអនុវត្តចាប់ពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ តទៅ បន្ទាប់ពីមានករណីនាំចូលកូវីដ១៩ជាបន្តបន្ទាប់តាមរយៈជើងយន្តហោះមកកាន់ប្រទេសកម្ពុជាពេលនេះ។ ការប្រកាសផ្អាកនេះធ្វើឡើងបន្ទាប់ពីមានចំណារយល់ព្រម ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។

សេចក្តីប្រកាសក្រសួងសុខាភិបាលបានឱ្យដឹងថា ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការផ្អាកជាបណ្តោះអាសន្ននូវជើងហោះហើរពីប្រទេសម៉ាឡេស៊ីនិងឥណ្ឌូនេស៊ី ដែលចូលជាធរមានកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០កន្លងទៅ បានរួមចំណែកដល់ការទប់ស្កាត់ការរីករាលដាលនៃជំ.ងឺកូវីដ១៩ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងកត់សម្គាល់ឃើញថាអត្រាឆ្លងបានហក់ឡើងនៅប្រទេសហ្វីលីពីនដែលធ្វើឱ្យអត្រាអ្នកផ្ទុកកូវីដ១៩ខ្ពស់ជាងគេបំផុតនៅក្នុងបណ្តាប្រទេសមាជិកអាស៊ាន។

ក្រសួងបន្តថា ដូច្នេះអ្នកដំណើរមកពីប្រទេសហ្វីលីពីនក៏ជាការព្រួយបារម្ភផងដែរ ម្យ៉ាងទៀតកាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ ជើងហោះហើរពីប្រទេសហ្វីលីពីនមួយ ដែលមានអ្នកដំណើងសរុបចំនួន១១៩នាក់ ត្រូវបានធ្វើតេស្តរកឃើញមានអ្នកវិជ្ជមានវីរុសកូវីដ១៩ រហូតដល់១៣នាក់ ដែលបានបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានិងវិទ្យាស្ថានសុខភាពសាធារណៈ។

ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋកម្ពុជាក៏ដូចជាប្រទេសកម្ពុជាទាំងមូល គណៈកម្មការអន្តរក្រសួងដើម្បីប្រយុ.ទ្ធនឹងជំ.ងឺកូវីដ១៩ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវបន្តអនុវត្តវិធានការការពារខ្លួនជាចាំបាច់ដើម្បីការពារការចម្លងកូវីដ១៩ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់និងកុំឱ្យមានរលកទី២នៃការចម្លងកូវីដ១៩ផងដែរ៕