កងកម្លាំងមួកខៀវ ៧១នាក់ បានធ្វើ​ចត្តាឡីស័ក​ឡើង​វិញ​ ក្រោយរកឃើញអ្នកផ្ទុកកូវីដ ១៩ ម្នាក់

(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិនិងជាអគ្គនាយក​មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានចុះមកពិនិត្យកងកម្លាំងមួកខៀវ៧១នាក់ ត្រូវមកបន្តធ្វើចត្តាឡីស័កនៅវិទ្យាល័យបុរី១០០ខ្នង ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ។
ក្នុងដំណើរចុះពិនិត្យដល់ទីតាំងធ្វើចត្តាឡីស័ក ឯកឧត្តម សែម សុវណ្ណនី បានធ្វើការលើកទឹកចិត្តដល់កងកម្លាំងមួកខៀវទាំង៧១នាក់ត្រូវបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ចូលរួមប្រយុទ្ធប្រឆាំងនៃការឆ្លងរីករាលនៃមេរោគកូវីដ១៩ ស្របតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងអនុវត្តតាមវិធាន ក្រសួងសុខាភិបាលកម្ពុជាបាន​ដាក់ចេញនិងកម្លាំងត្រូវមានស្មារតីរឹងមាំ។

ដើម្បីឱ្យកម្លាំងមួកខៀវកម្ពុជាកំពុងបន្តធ្វើចត្តាឡីស័កមានសុខភាពល្អផងនោះ ឯកឧត្តម សែម សុវណ្ណនី បានផ្តល់ថវិកាចំនួន៤០០ដុល្លាបន្ថែមលើរបបអាហារ, ក្នុង១បន្ទប់ផ្តល់ទឹកក្រូច១កេះ,ទឹកបរិសុទ្ធដបធំ១លីត្រកន្លះ១កេះ។ ឯកឧត្តម ក៏បានឧបត្ថម្ភថវិកា៥០០ដុល្លាដល់ក្រុមពេទ្យប្រចាំការនៅទីតាំងចត្តាឡីស័កបុរី១០០ខ្នង,និងឧបត្ថម្ភថវិកា៥០០ដុល្លាក្រុមសន្តិសុខយាមប្រចាំនៅទីនោះផងដែរ៕

ប្រភព៖ ព័ត៌មានកងកម្លាំងរក្សាសន្តិភាព