ការធ្វើតេស្តលើកទីមួយ ចំពោះអ្នកប៉ះពាល់ផ្ទាល់ចំនួន៤នាក់​ ជាមួយស្ត្រីខ្មែរមានផ្ទុកកូវីដ ១៩ លទ្ធផលគឺ….

សាច់ញាតិជាឪពុកម្តាយបងប្រុសនិងប្អូនប្រុសសរុបចំនួន៤នាក់ដែលប៉ះពាល់ផ្ទាល់ជាមួយ​ស្ត្រីខ្មែរជាកងទ័ពមួកខៀវដែលផ្ទុកកូវីដ១៩បានធ្វើតេស្តលើកទីមួយដោយទទួលបានលទ្ធផលគឺអវិជ្ជមាន។ អ្នកទាំង៤នាក់ត្រូវបានដាក់នៅមណ្ឌលចត្តាឡីស័ក​នៅខេត្តកណ្តាល។ ដោយឡែកចំពោះអ្នកប៉ះពាល់ប្រយោលចំនួន៩នាក់ផ្សេងទៀតកំពុងស្ថិតនៅក្រោមការតាមដាន​របស់មន្ត្រីសុខាភិបាល។

នេះបើតាមការអោយដឹងរបស់លោកជំទាវ ឪ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល។ លោកជំទាវ ឪ វណ្ណឌីន បានបញ្ជាក់ថា៖ ស្ត្រីដែលជាកងទ័ពមួកខៀវរូបនោះបានធ្វើតេស្តរកឃើញកូវីដ១៩ នៅពេលធ្វើតេស្តជាលើកទី៥និងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

លោកជំទាវបានបញ្ជាក់ថា ស្ត្រីរូបនោះស្ថិតនៅក្នុងចំណោមកងទ័ពមួកខៀវចំនួន ៨០នាក់ដែល​បានមកដល់កម្ពុជាកាលពីថ្ងៃទី១០ ខែកក្កដា និងត្រូវបានធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃពីរដងរួចមកហើយ។ នៅពេលដែលគាត់មាន​រោគសញ្ញាទើបធ្វើតេស្តជាលើកទី៥ហើយរកឃើញវិជ្ជមានកូវីដ១៩។

គួរបញ្ជាក់ថា ករណីស្ត្រីកងទ័ពមួកខៀវនេះត្រូវបាន​មហាជនព្រួយបារម្ភនៅពេលដែលចៅសង្កាត់សិត្បូ,ក្រុងតាខ្មៅ រាយការណ៍ពីក្តីបារម្ភចំពោះស្ត្រីកងទ័ពមួកខៀវ ដោយទើបតែធ្វើតេស្តរកឃើញមានវិជ្ជមានកូវីដ១៩។ ស្ត្រីរូបនោះបានប៉ះពាល់ចាស់ៗនិងអ្នកភូមិជាច្រើនដែលធ្វើអោយមានក្តីព្រួយបារម្ភជាខ្លាំង។ នៅក្នុងលិខិតជូនអភិបាលក្រុងតាខ្មៅនៅថ្ងៃទី១០ ខែសីហានេះ ចៅសង្កាត់សិត្បូបានលើកឡើងថា ស្ត្រីផ្ទុកកូវីដ១៩រូបនោះ បានមកដល់ផ្ទះនៅភូមិព្រែកត្រែង,សង្កាត់សិត្បូកាលពីថ្ងៃទី៣០ ខែកក្កដា ហើយពេលទៅដល់ផ្ទះគាត់បានធ្វើសម្លជូនចាស់ៗនិងចែក​ប្រាក់ដល់ក្មេងៗព្រមទាំងបានធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្តជម្ពូព្រឹកថែមទៀត។

នៅក្នុងលិខិតបន្តថា បន្ទាប់មកសាមីខ្លួនបានក្តៅខ្លួនក៍បានទៅអោយពេទ្យពិនិត្រនៅជិតផ្ទះចាក់ថ្នាំនិងផ្សំថ្នាំអោយដោយជំងឺមិនធូរស្រាលសាមីខ្លួនបានទៅធ្វើតេស្តរកមេរោគកូវីដ១៩ នៅមន្ទីរពេទ្យជ័យជម្នះតែលទ្ធផលអវិជ្ជមានទៀត។

លុះពីរថ្ងៃក្រោយមក ដោយមានអាការៈក្តៅខ្លួនខ្លាំងនិងហៀរសំបោទើបទៅធ្វើតេស្តនៅមន្ទីរពេទ្យជ័យជំនះម្តងទៀតហើយលទ្ធផលគឺវិជ្ជមាន។ លោកចៅសង្កាត់បានលើកឡើងថា បច្ចុប្បន្នពលរដ្ឋមានការបារម្ភជាខ្លាំងដោយអ្នកជំងឺបាន​ប៉ះពាល់ជាមួយអ្នកជិតខាងមួយចំនួន៕ ប្រភព៖ PNN News