ដំណឹងល្អ ! សម្តេចតេជោ ហ៊ុន សែន បានសម្រេចឱ្យសិស្សថ្នាក់ទី៩ និងទី១២ នៃគ្រឹះស្ថានសិក្សាសាធារណៈ ចូលរៀនខែក្រោយ…

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឱ្យសិស្សថ្នាក់ទី៩និងទី១២ នៃគ្រឹះស្ថានសិក្សាសាធារណៈចូលរៀននៅក្នុងដំណាក់កាលទី២ នៃការបើកដំណើរការគ្រឹះស្ថានសិក្សានៅកំឡុងខែកញ្ញា ឆ្នាំ២០២០ ខណៈដែលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ថ្នាក់ជាតិនឹងត្រូវធ្វើឡើងនៅខែធ្នូ ឆ្នាំ២០២០។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំយុវជននិងកីឡាដែលប្រាកសបាននៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ។

យោងតាមសចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំបានបញ្ជាក់ថា៖ «ក្រសួងអប់រំយុវជននិងកីឡា សូមជម្រាបជូនសាធារណជន មាតាបិតា អាណាព្យាបាលសិស្សនិងបេក្ខជនមេត្តាជ្រាបថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតដ៏ខ្ពង់ខ្ពស់ឱ្យសិស្សថ្នាក់ទី៩និងទី១២ នៃគ្រឹះស្ថានសិក្សាសាធារណៈចូលរៀននៅក្នុងដំណាក់កាលទី២នៃការបើកដំណើរការគ្រឹះស្ថានសិក្សានៅកំឡុងខែកញ្ញា ឆ្នាំ២០២០ ក្នុងទ្រង់ទ្រាយតូច១៥នាក់មួយថ្នាក់ ដោយគោរពតាមវិធានអនាម័យនៃក្រសួងសុខាភិបាលនិងអង្គការសុខភាពពិភពលោក ដើម្បីត្រៀមចូលរួមការប្រឡង។

ក្នុងន័យនេះ ក្រសួងនឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៩-២០២០ នៅខែធ្នូ ឆ្នាំ២០២០ខាងមុខ។ ចំពោះការរៀបចំការសិក្សានៅតាមគ្រឹះស្ថានសិក្សាសាធារណៈសម្រាប់សិស្សថ្នាក់ដទៃទៀត ក្រសួងនឹងរៀបចំសេចក្ដីណែនាំតាមក្រោយ»។

ក្រសួងអប់រំបញ្ជាក់ថា សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលជាតំណាងគ្រឹះស្ថានសិក្សាឯកជន និងគ្រឹះស្ថានសិក្សាឯកជនដទៃទៀត បានស្ម័គ្រចិត្តពន្យារពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីចូលរួមជាមួយការប្រឡងថ្នាក់ជាតិនៅខែធ្នូ ឆ្នាំ២០២០ ជាមួយនឹងសិស្សគ្រឹះស្ថានសិក្សាសាធារណៈ៕