ភ្ញៀវទេសចរ បានកក់បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ នៅខេត្តមណ្ឌលគិរី ជាង៨០%ហើយ សម្រាប់ថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខាងមុខនេះ

ក្នុងឱកាសដែលរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតិឱ្យមន្រ្តីរាជការ,កម្មករ,និយោជិក បានឈប់សម្រាក់សងជំនួសថ្ងៃបុណ្យចូលឆ្នាំថ្មីឡើងវិញមានរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ខាងមុខ លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីបានបញ្ជាក់ថា សម្រាប់ថ្ងៃឈប់សម្រាករយៈពេល៥ថ្ងៃខាងមុខនេះ គិតត្រឹមថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ ភ្ញៀវទេសចរបានកក់បន្ទប់ផ្ទះសំណាក់ សណ្ឋាគារនៅខេត្តមណ្ឌលគិរី ជាង៨០%ហើយ។ លោកបានបញ្ជាក់ថា ចំពោះអាជីវកម្មលើសេវាកម្មទេសចរណ៍មានសណ្ឋាគារ,ផ្ទះសំណាក់,ភោជនីយដ្ឋាននិងអាហារដ្ឋាន ក្នុងខេត្តមណ្ឌលគិរីបានត្រៀមរួចជាស្រេច ដើម្បីទទួលភ្ញៀវទេសចរក្នុងអំឡុងពេលឈប់សម្រាក់សង់ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ លោកក៏បានណែនាំដល់ម្ចាស់ផ្ទះសំណាក់,សណ្ឋាគារ,ភោជនីដ្ឋាន,រមណីយដ្ឋាននិងប្រតិករទាំងអស់ ចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ ការឆ្លងជំងឺកូវីដ១៩ រលកទី២ ដោយធ្វើយ៉ាងណាឱ្យម្ចាស់សេវាកម្មទាំងអស់ដំណើរការអាជីវកម្មរបស់ខ្លួនប្រកបដោយសុវត្ថិភាព។

លោក ងិន សុវិមាន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរទាំងអស់ សូមឱ្យមានការចូលរួមអនុវត្តទាំងអស់គ្នា ក្នុងការលាងសម្អាតដៃរបស់ខ្លួនឱ្យបានស្អាតជានិច្ច តាមការណែនាំរបសក្រសួងទេសចរណ៍ ក្នុងការបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

សូមបញ្ជាក់ថា នៅទូទាំងខេត្តមានសេវាកម្មទេសចរណ៍ក្នុងនោះសណ្ឋាគារ ១១កន្លែង ស្មើនឹង ៤២៨បន្ទប់, ផ្ទះសំណាក់ ៤៦កន្លែង ស្មើនឹង ៦៧៩បន្ទប់, ម៉ូតែល០១កន្លែង ស្មើនឹង៣៩បន្ទប់ ភោជនីយដ្ឋាននិងអាហារដ្ឋាន ៤៨កន្លែង ស្មើនឹង៤២៥តុ និង២.១២៩កៅអី និងខារ៉ាអូខេ០៩កន្លែង ស្នើនឹង ៤៥បន្ទប់។ ក្រុមហ៊ុនវិនិយោគលើវិស័យទេសចរណ៍ដោយឯកជនសរុបមានចំនួន ១១ទីតាំង ក្នុងនោះមាន ទឹកជ្រោះប៊ូស្រា,អូរផ្លាយ,រមនីយដ្ឋាន១, ជ្រៃយស់,ចំការកាហ្វេនិងអូររមីស៕