ដំណឹងល្អ ! សម្តេចតេជោ ហ៊ុន សែន ផ្តល់ប្រាក់ឧបត្ថម្ភ៥ម៉ឺនរៀលដល់មន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខនេះ

(ភ្នំពេញ)៖ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យ ស្តីពីផ្តល់ប្រាក់ឧបត្ថម្ភ៥ម៉ឺនរៀលដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤។ ក្នុងអនុក្រឹត្យរបស់សម្តេចបានបញ្ជាក់ថា ការបើកផ្តល់ប្រាក់ឧបត្ថម្ភនេះ ត្រូវអនុវត្តឱ្យបានមុនថ្ងៃបុណ្យភ្ជុំបិណ្ឌ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ និងត្រូវគោរពគោលការណ៍ដូចខាងក្រោម៖

១-ការបើកផ្តល់ប្រាក់ឧបត្ថម្ភ ត្រូវអនុវត្តតាមគណនីបៀវត្សរបស់សាមីជន ឬគ្រួសារជនពលី និងគ្រួសារជនមរណៈជាអតីតយុទ្ធជន។
២-ក្រសួង ស្ថាប័ន និងអង្គភាពដែលមិនទាន់បានបើកគណនីបៀវត្សសម្រាប់មន្ត្រីរាជការ បុគ្គលិក និងភ្នាក់ងារសាធារណៈរបស់ខ្លួន ត្រូវចាត់ចែងការបើកផ្តល់ប្រាក់ឧបត្ថម្ភឱ្យបានដល់សាមីជនម្នាក់ៗគ្រប់ចំនួននិងទាន់ពេលវេលា។

៣-និវត្តជនដែលជាអតីតមន្ត្រីរាជការស៊ីវិល អតីតយោធិននៃកងយុទ្ធពលខេមរភូមិន្ទ និងអតីតមន្ត្រីនគរបាលជាតិកម្ពុជា ដែលកំពុងបំពេញការងារជាមន្ត្រីជាប់កិច្ចសន្យា បុគ្គលិកអណ្ដែត សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត-ក្រុង-ស្រុក-ខណ្ឌ-ឃុំ-សង្កាត់ ប្រធានភូមិអនុប្រធានភូមិឬសមាជិកភូមិ ត្រូវទទួលប្រាក់ឧបត្ថម្ភតែមួយកន្លែង ដែលចាត់ចែងបើកផ្តល់ដោយក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា។

៤-ក្រសួង-ស្ថាប័ន ត្រូវទទួលខុសត្រូវក្នុងការពិនិត្យផ្ទៀងផ្ទាត់ រៀបចំសំណើ និងធ្វើការបើកផ្តល់ប្រាក់ឧបត្ថម្ភដែលបានកំណត់ក្នុងអនុក្រឹត្យនេះ ដោយមិនរាប់បញ្ចូលមុខសញ្ញានិវត្តជនក្នុងចំណុច៣ខាងលើ៕