រថយន្តក្រឡុកស៊ីម៉ងត៍ បើកលឿន បុករៈរថយន្តលុចស៊ីស ២គ្រឿង និងម៉ូតូ ២គ្រឿង បណ្តាលឱ្យមនុស្សរបួស២នាក់ នៅខណ្ឌច្បារអំពៅ!

(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ នៅតាមផ្លូវថៃហ្គ័រ ស្ថិតនៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោក ឯក សារ៉េន អធិការរងទទួលផែនចរាចរណ៍ បានថ្លែងឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែភាគីខាង រថយន្តក្រឡុកស៊ីម៉ងត៍ បើកបរដោយគ្មានការប្រុងប្រយ័ត្នលើសល្បឿន ហើយមុនកើតហេតុរថយន្តក្រឡុកស៊ីម៉ងត៍ បើកបរបុរសម្នាក់ ធ្វើដំណើរក្នុងទិសដៅស្របទិសគ្នាជាមួយរថយន្តលុចស៊ីស ២គ្រឿងទៀត តាមផ្លូវថៃហ្គ័រ ទិសដៅពីត្បូង មកទិសខាងជើង ហើយក៏មានរថយន្តប៉ែន ចេញពីច្រកផ្លូវលំហើយក៏រថយន្តលុច្សស៊ីសទាំង ២គ្រឿង បត់ឆ្វេងដៃគ្មានផ្លូវគេច ហើយជ្រុលបុករថយន្តលុច្សស៊ីសទាំង ២គ្រឿង និងបន្តទៅបុកម៉ូតូ ២គ្រឿង។

លោក ឯក សារ៉េន បានបន្តថា រថយន្តបង្ក ពាក់ស្លាកលេខ កណ្តាល ៥A-០០២៤ ពណ៌ស ចំឡែករថយន្តរងគ្រោះទាំង ២គ្រឿង មានម៉ាក G​X​470 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២H-៩៧៧៧, រថយន្តលុចស៊ីស RX​300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២L-៦៦២១ ដោយឡែកម៉ូតូ ២គ្រឿងទៀត មានម៉ាកគុបជ្រុង ពាក់ស្លាកលេខ ឃ-៨២៥៨ ភព១ និងម៉ូតូម៉ាកស្គុបពីពណ៌ផ្កាឈូកពាក់ស្លាកលេខភ្នំពេញ ១AC-៩៦២៩។

លោកអធិការ បានបញ្ជាក់ថា ចំពោះករណីគ្រោះចរាចរណ៍ខាងលើ មានអ្នកតំណាងខាងក្រុមហ៊ុនរថយន្តក្រឡុកស៊ីម៉ងត៍ ចូលខ្លួនមកដោះស្រាយ ដោយសងថ្លែខូចខាត ទៅភាគីរថយន្តលុច្សស៊ី RX ៣០០ ចំនួន១៥០ដុល្លារ, រថយន្តលុចស៊ីស​ G​X​​470 យកទៅកន្លែងជួសជុលរថយន្ត ឱ្យស្អាតឡើងវិញ ម៉ូតូស្គុបពីព្រមទទួលសំណងសងថ្លៃជួសជុល១៥០ដុល្លារ ហើយនៅសល់តែភាគី ម៉ូតូគុបជ្រុង ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យឯកជន រងចាំដោះស្រាយនាពេលក្រោយ៕