
(ខេត្តព្រះសីហនុ)៖ នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០នេះ មានទូកចំនួន៣គ្រឿងទៀត ជាប្រភេទទូកដឹកភ្ញៀវទេសចរណ៍និងទូកនេសាទ ដែលឈប់ចតបោះយុថ្កាទុក ពុំមានមនុស្ស នៅលើទូកបានលិច នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយសារមានខ្យល់កន្ត្រាក់ រលកបោកពន្លិច ប៉ុន្តែពុំមានមនុស្សរងគ្រោះឡេីយ។
*ទូកទី១ មានម្ចាស់ឈ្មោះ យ៉ង់ ចាន់ធី ភេទប្រុស អាយុ៣២ឆ្នាំ ប្រភេទ(ទូកកន្ទុយវែងដឹកភ្ញៀវទេសចរណ៏)។ *ទូកទី២ មានម្ចាស់ឈ្មោះ ប្រាជ ផាត ភេទប្រុស អាយុ៥២ឆ្នាំ មានមុខរបរដឹកភ្ញៀវកំសាន្តតាមកោះ ប្រភេទ(ទូកកន្ទុយវែង)។ *ទូកទី៣ ម្ចាស់ទូកឈ្មោះ ជិម វុត្ថា ភេទប្រុស អាយុ៣១ឆ្នាំ មានមុខរបរនេសាទ ប្រភេទ(ទូកនេសាទ)។ បច្ចុប្បន្នទូកទាំងអស់ត្រូវបានបងប្អូនប្រជាពលរដ្ឋ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍នាំគ្នាអូសឡេីងគោកវិញដើម្បីជួសជុល។
រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវឲ្យផ្អាកការធ្វើដំណើរតាមផ្លូវទឹក រយៈពេល៥ថ្ងៃសិន ចាប់ពីថ្ងៃ១ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ដោយសារខេត្តនេះ ប្រឈមនឹងជំនន់ទឹកភ្លៀង រួមជាមួយខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ ព្រោះរងឥទ្ធិពលព្យុះមួយដែលវិវត្តន៍មកពីសមុទ្រចិនខាងត្បូង៕