បន្ទាប់ពីធ្វើចត្តាឡីស័ក ១៤ថ្ងៃ ទីបំផុត ស្រ្តីខ្មែរមានសញ្ជាតិអាមេរិករូបនេះត្រូវបាន….

(ភ្នំពេញ)៖ ស្ត្រីខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ឈ្មោះ រ៉ូស វីរ៉ា ដែលបានលួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័កនៅរាជធានីភ្នំពេញនោះ ត្រូវបានអះអាងថាមិនមានជំងឺកូវីដ១៩នោះទេ បន្ទាប់ពីចាប់ដាក់ឱ្យធ្វើចត្តាឡីស័ក និងតាមដានសុខភាពជាថ្មីអស់រយៈពេល ១៤ថ្ងៃនៅក្នុងខេត្តកំពង់ចាម។ ស្ត្រីរូបនេះនឹងត្រូវអនុញ្ញាតឱ្យចេញពីកន្លែងធ្វើចត្តាឡីស័កទៅកាន់ផ្ទះរបស់ខ្លួននៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះហើយ។

សូមរំលឹកថាកាលពីថ្ងៃទី១៧ ខែកក្កដា កន្លងទៅស្ត្រីឈ្មោះ រ៉ូស វីរា នេះបានលួ.ចរត់ចេញពីកន្លែងចត្តាឡីស័កក្នុងសណ្ឋាគារមួយនៅរាជធានីភ្នំពេញ។ បន្ទាប់មកអាជ្ញាធរបានរកឃើញគេសម្ងំលាក់ខ្លួននៅក្នុងខេត្តកំពង់ចាមហើយក៏បានរៀបចំឱ្យរូបគេធ្វើចត្តាឡីស័កនិងតាមដានសុខភាពជាថ្មី។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានប្រាប់អង្គភាពព័ត៌មាននៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះថាបន្ទាប់ពីដាក់ឱ្យធ្វើចត្តាឡីស័កនិងតាមដានសុខភាពជាថ្មីរយៈពេល១៤ថ្ងៃ ហើយពិនិត្យសុខភាពជាថ្មីចំនួនពីរដងរួចមក ស្ត្រីរូបនេះមិនមានរោគសញ្ញាជំងឺកូវីដ១៩នោះទេ។ លោកអភិបាលខេត្តបានបន្ថែមថា ស្ត្រីរូបនេះនឹងត្រូវអនុញ្ញាតឱ្យចេញពីមណ្ឌលចត្តាឡីស័កនៅថ្ងៃនេះផងដែរ។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលក៏បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មានឲ្យដឹងដែរថា«ក្រុមការងារចត្តាឡីស័កកំពុងរៀបចំឲ្យស្រ្តីខ្មែរសញ្ជាតិអាមេរិកាំងលោកស្រី រ៉ូស វីរ៉ា ដើម្បីចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីពិនិត្យមិនមានរោគសញ្ញាជំងឺកូវីដ១៩នោះទេ ក្នុងរយៈពេលគ្រប់១៤ថ្ងៃ។ នៅវេលាម៉ោងប្រមាណជាង១១ព្រឹកថ្ងៃនេះគាត់នឹងចាកចេញហើយ»៕ ប្រភព៖ Fresh News