ពលរដ្ឋជិត១០០នាក់នាំគ្នាទៅដុតបំផ្លាញទីស្នាក់ការប៉ុស្តិ៍ឧទ្យានជាតិវរៈជ័យចំនួន២ខ្នងនិងខូចខាតសម្ភារមួយចំនួន នៅស្រុកតាវែង

ខេត្តរតនគិរី៖ មានករណីប្រជាពលរដ្ឋចំនួន៧៥នាក់មធ្យោបាយម៉ូតូ៤០គ្រឿងនៅថ្ងៃទី១០ ខែឧសភាឆ្នាំ២០២០ បាននាំគ្នាទៅដុតបំផ្លាញទីស្នាក់ការប៉ុស្តិ៍ឧទ្យានជាតិវរៈជ័យចំនួន២ខ្នងត្រង់ចំណុចអូរឡាប៉ង ស្ថិតនៅក្នុងភូមិតាបូក ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី។


ក្រោយពីទទួលព័ត៌មានកម្លាំងនគរបាលស្រុកតាវែងបានសហការគ្នាចុះត្រួតពិនិត្យនិងស៊ើបអង្កេតករណីខាងលើនេះបានឲ្យដឹងថា ដោយសារមន្ត្រីឧទ្យាននុរក្សចំនួន៤នាក់ទី១-ឈ្មោះ បាន អន(ដឹកនាំ),ទី២-ឈ្មោះ ទុំ វ័ន,ទី៣-ឈ្មោះសាយ សំអាននិងទី៤-ឈ្មោះ ជា ប៊ុនលឿបានចុះដកហូតដីចម្ការដោយវាយស្លាកសញ្ញាលើដើមឈើដោយសរសេរថា(ដីនេះត្រូវដកហូត)ព្រមទាំងដុតខ្ទមចម្ការរបស់ប្រជាពលរដ្ឋចំនួន២កន្លែងកាលពីថ្ងៃទី៩ ខែឧសភាឆ្នាំ២០២០កន្លងទៅនេះ។


ប្រភពព័ត៌មានដដែលខាងលើបានបន្តថាដោយសារតែមានគំនុំជាមួយមន្ត្រីឧទ្យាននុរក្សទើបពួកគេកៀងគរគ្នាជិត១០០នាក់មកដុតបំផ្លាញទីស្នាក់ការឧទ្យានជាតិវរៈជ័យនោះចោលតែម្តង។


ប្រភពព័ត៌មានខាងលើបញ្ជាក់ឲ្យដឹងទៀតថា សម្ភារខូចខាតរួមមាន អង្ករចំនួន១បេ, ឆ្នាំងចំនួន៦, អង្រឹងចំនួន៤, អាគុយចំនួន១, កានដាក់ទឹកចំនួន៣, ក្តារងឿប្រភេទឈើកកោះចំនួន២សន្លឹកផងដែរ។

ជាមួយគ្នានិងសកម្មភាពប្រជាពលរដ្ឋលើកគ្នាមកដុតបំផ្លាញទីស្នាក់ការចោលខាងលើនេះដែរ លោក ផុន ខេមរិន្ទប្រធានមន្ទីរបរិស្ថានខេត្តរតនគិរីបានប្រាប់សារព័ត៌មាននៅព្រឹកថ្ងៃទី១១ ឧសភានេះថា ពួកគាត់លើកគ្នាមកដុតបំផ្លាញទ្រព្យសម្បត្តិរដ្ឋត្រូវតែប្រឈមមុខចំពោះមុខច្បាប់។

លោកថា ឥឡូវនេះកំណត់មុខសញ្ញាមេក្លោងបានហើយកំពុងតែរៀបចំឯកសារនិងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរតនគិរីដើម្បីផ្តន្ទាទោសទៅតាមច្បាប់ផងដែរ៕