កុំប្រហែសឲ្យសោះ ! វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ ១៩ ក្នុងសហគមន៍ ៨នាក់បន្ថែមទៀត

(ក្រុងហាណូយ)៖ ក្នុងរបាយការណ៍សម្រាប់ព្រឹកថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសររកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន០៨នាក់បន្ថែមទៀត ដែលបានកើតឡើងនៅមន្ទីរពេទ្យ០៣កន្លែងសិ្ថតនៅទីក្រុងដាណាងតែម្ដងនិងនាំឲ្យករណីឆ្លងសរុបក្នុងទីក្រុងទេសចរណ៍នេះកើនឡើងដល់៣០ករណីហើយ។ នេះបើតាមការចេញផ្សាយដោយសារពត៌មាន(CNA)។

ប្រទេសវៀតណាមពេលនេះ កំពុងបង្កើនការប្រុងប្រ.យ័.ត្នកាន់តែខ្ពស់បន្ទាប់ពីករណីឆ្លងថ្មីៗបានកើតឡើង នៅទីក្រុងដាណាងដែលជាការឆ្លងសហគមន៏ដំបូងបង្អស់នៅប្រទេសអាស៊ានមួយនេះចាប់តាំងពីខែមេសាមកដោយតម្រូវឲ្យជើងហោះហើរទៅ-មកពីទីក្រុងដាណាងទាំងអស់ត្រូវផ្អាករយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃអង្គារម្សិលមិញខណៈរថយន្តក្រុងនិងខ្សែរថភ្លើងទាំងអស់ក៏ត្រូវបានផ្អាកមិនឲ្យចេញ-ចូលទីក្រុងជាប់ឆ្នេរសមុទ្រមួយនេះដូចគ្នាដែរ។

គួរបញ្ជាក់តាមរដ្ឋាភិបាលវៀតណាមបានប្រកាសកាលពីថ្ងៃចន្ទសប្តាហ៍នេះថាខ្លួនបានស្នើអាជ្ញាធរអាកាសចរណ៍ស៊ីវិល(CAAV)អនុញ្ញាតឲក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក បង្កើនចំនួនជើងហោះហើរពីក្រុងដាណាងទៅកាន់ទីក្រុងចំនួន១១ផ្សេងទៀតនៃប្រទេសវៀតណាមដើម្បីជួយជម្លៀសប្រជាជន ៨០,០០០នាក់ចេញដែលជាភាគច្រើនជាភ្ញៀវទេសចរក្នុងស្រុក។ ចំពោះករណីឆ្លងកូវីដ១៩ដែលទើបតែត្រូវបានរកឃើញថ្មីៗនេះ គឺកើតឡើងនៅមន្ទីរពេទ្យចំនួន០៣កន្លែងសិ្ថតនៅភាគកណ្តាលក្រុងដាណាងតែម្ដង ដែលជាទីក្រុងត្រូវបិទចាប់ពីម៉ោង១២៖០០នាទីពាក់កណ្ដាលអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកក្កដា រហូតដល់មានការជូនដំណឹងបន្ថែមទៀត។ ទន្ទឹមនឹងនេះអ្នកស្រុកភាគច្រើននៃទីក្រុងដាណាងត្រូវបានណែនាំឲ្យស្នាក់នៅតែក្នុងផ្ទះដោយមិនត្រូវមានការជួបជុំមនុស្សច្រើនលើសពីពីរនាក់ឡើយលើកលែងតែស្ថិតក្នុងករណីចាំបាច់ប៉ុណ្ណោះ។