
(សៀមរាប)៖ លោក ម៉ៅ សុខនី អ្នកគ្រប់គ្រងគម្រោងការដ្ឋានជួសជុលប្រាសាទកណ្ដាល នៃប្រាសាទស្រះស្រង់បានឲ្យដឹងថានៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរាបានធ្វើពិធីបញ្ចុះអណ្ដើកថ្មថ្មីមួយគូនៅគ្រឹះប្រាសាទស្រះស្រង់កណ្ដាលឲ្យស្របតាមអណ្ដើកចាស់និងតាមប្រពៃណីបុរាណ ហើយសត្វអណ្ដើកមួយគូនេះបានចម្លងថ្មីពីសត្វអណ្ដើកចាស់ដែលអ្នកជំនាញបុរាណវិទ្យា ប្រទះឃើញកប់ក្រោមគ្រឹះប្រាសាទរាប់រយឆ្នាំកន្លងមក ក្នុងខណៈពេលដែលកំពុងការធ្វើកំណាយ ដើម្បីជុសជុលប្រាសាទកណ្ដាលនោះឡើងវិញឲ្យដូចទម្រង់ដើម ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២០នេះ។
លោក ម៉ៅ សុខនី បានឲ្យដឹងទៀតថាចំពោះសត្វអណ្ដើកថ្មចាស់ត្រូវបានយកទៅរក្សាទុកនៅសារមន្ទីរព្រះនរោត្ដមព្រះសីហនុអង្គរដើម្បីទុកឲ្យមនុស្សជំនាន់ក្រោយបានឃើញនិងស្គាល់ពីវត្ថុមានតម្លៃមហាសាលមួយនេះព្រោះនៅពេលយកវត្ថុបុរាណទៅកប់ក្រោមដី វាធ្វើឲ្យមនុស្សជំនាន់ក្រោយមិនបានស្គាល់ហើយចំពោះរបបគំហើញផ្សេងៗទៀតដែលអ្នកជំនាញប្រទះឃើញជាមួយសត្វអណ្ដើកថ្មភក់នោះអាជ្ញាធរនឹងពិធីដាក់បន្ថែមទៀតជាលើកចុងក្រោយ។
កាលពីចុងខែមេសាឆ្នាំ២០២០អ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាបានប្រទះឃើញសត្វអណ្ដើកធ្វើអំពីថ្មភក់មួយគូនិងវត្ថុបុរាណជាច្រើនបានកប់នៅគ្រឹះប្រាសាទកណ្ដាលស្រះស្រង់នេះកំពុងធ្វើកំណាយដើម្បីជួសជុលប្រាសាទនេះឡើងវិញក្នុងនោះមានគ្រាប់ខ្វាតពណ៌សជាច្រើនរយគ្រាប់,ចម្លាក់អណ្ដើកថ្មភក់ចំនួន០២ក្បាល,រូបចម្លាក់ក្បាលនាគរួមនឹងត្រីសូល៍ចំនួន២ដែល១មានរូបពេញលេញនិងមួយទៀតមានត្រឹមមួយបំណែកមួយព្រមទាំងឃើញសំណង់ឈើកប់នៅគ្រឹះប្រាសាទកណ្ដាលផងដែរ៕