
ខេត្តកំពង់ចាម៖ ហេតុការណ៍នេះបានកើតឡើងកាល
ពីវេលាម៉ោង១០យប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០យប់មិញនេះនៅ កណ្តាលទន្លេមេគង្គ ស្ថិតក្នុងឃុំកោះសំរោង ស្រុកកំពង់សៀម។
ជនរងគ្រោះដែលបាត់ខ្លួននៅក្នុងទឹកទន្លេ ទាំង៣នាក់នោះ រួមមាន ទី១៖ ឈ្មោះ រិន ជា ភេទប្រុស អាយុ៥៣ឆ្នាំ ,
ទី២៖ ឈ្មោះ ធីម ថាន ភេទប្រុស អាយុ៥២ឆ្នាំទី៣៖ ឈ្មោះ ឡាង ប៉េងហ៊ត់ ភេទប្រុស អាយុ៣៣ឆ្នាំ ។
ដោយឡែកអ្នករងរបួស ឈ្មោះ អ៊ាង ធី ភេទប្រុស អាយុ៤៦ឆ្នាំ រងរបួសជើងឆ្វេង។ ជនរងគ្រោះទាំង៤នាក់ រស់នៅភូមិទី២ ឃុំកោះសំរោង ស្រុកកំពង់សៀម។
មុនពេលកើតហេតុ មានប្រជាពលរដ្ឋចំនួន១១នាក់ រស់នៅភូមិទី២ ឃុំកោះសំរោង បានជិះលើកូនទូកម៉ាស៊ីនមួយគ្រឿង ឆ្លងមកពីចូលរួមពិធីមង្គលការមួយ នៅឃុំរំចេក ត្រើយម្ខាង ក្នុងគោលដៅវិលត្រឡប់មកកាន់លំនៅដ្ឋានវិញ ។
លុះបើកដល់ចំណុចកណ្ដាលទន្លេ ត្រង់ព្រំប្រទល់រវាងឃុំរំចេក និងឃុំកោះសំរោង ស្រាប់តែបុកជាមួយនឹងទូកនេសាទមួយ ធ្វើឲ្យលិចទូករបស់ប្រជាពលរដ្ឋដែលមកពីចូលរួមពិធីមង្គលការនោះ បណ្ដាលឱ្យមនុស្សចំនួន០៣នាក់ បាត់ខ្លួន និងម្នាក់ទៀតរងរបួស។
ក្រោយពេលកើតហេតុ ភាគីខាងទូកនេសាទបានរត់គេចខ្លួនបាត់។ ចំពោះប្រជាពលរដ្ឋដែលបាត់ខ្លួនចំនួន០៣នាក់នោះ មកដល់ត្រឹមម៉ោង១០ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ មិនទាន់រកឃើញនៅឡើយទេ៕