ដំណឹងក្ដៅៗ ! ក្រសួងអប់រំ លើកថ្ងៃប្រឡងបាក់ឌុបសម្រាប់សាលាឯកជន ទៅថ្ងៃក្រោយវិញ…

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា លោក រស់ សុវាចា បានប្រាប់បណ្តាញព័ត៌មាននៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះបានបញ្ជាក់ថា កាលបរិច្ឆេទប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)សម្រាប់សាលាឯកជនដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៧-១៨ខែសីហាឆ្នាំ២០២០ ត្រូវបានលើកពេលទៅថ្ងៃផ្សេងវិញ។ លោក រស់ សុវាចា បានបញ្ជាក់ថា កាលពីថ្ងៃទី១៤កក្កដាឆ្នាំ២០២០ ក្រសួងអប់រំយុវជននិងកីឡាបានចេញសេចក្តីណែនាំលិខិតលេខ៣៣ស្តីពីការប្រឡងបាក់ឌុបនៅតាមគ្រឹះស្ថានសិក្សាឯកជនសម្រាប់ឆ្នាំសិក្សា២០១៩-២០២០ ដោយសារតែស្ថានភាពជំងឺកូវីដ-១៩ ក្រសួងបានអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាឯកជនរៀបចំការប្រឡងបាក់ឌុបតាមគ្រឹះស្ថានរៀងៗខ្លួន ក្រោមកិច្ចសហការជាមួយក្រសួងអប់រំយុវជននិងកីឡានិងមន្ទីរអប់រំយុវជននិងកីឡាតាមការចាំបាច់។

លោកបន្តថា«សម្រាប់ប្រឡងបាក់ឌុបនៅគ្រឹះស្ថានសិក្សាឯកជន មានរយៈពេល២ថ្ងៃ ក្រសួងនឹងជម្រាបជូនបច្ចុប្បន្នភាពនៃកាលបរិច្ឆេទសម័យប្រឡងនាពេលក្រោយ។ ដោយសារតែការកំណត់កាលបរិច្ឆេទ ក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ដោយកំណត់យកថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២០ ចំថ្ងៃដែលរាជរដ្ឋាភិបាលអនុញ្ញាតឲ្យឈប់សម្រាករយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី១៧ដល់២១ខែសីហាឆ្នាំ២០២០ សងថ្ងៃសម្រាកថ្ងៃចូលឆ្នាំថ្មី»។ លោក រស់ សុវាចា បានបញ្ជាក់ថា ដើម្បីឲ្យសាលាឯកជនអាចប្រឡងសញ្ញាបត្របាក់ឌុបដោយខ្លួនឯងបាននោះត្រូវអនុវត្តន៍ដូចជា៖

-គ្រឹះស្ថានសិក្សាឯកជនត្រូវដាក់ពាក្យ ស្នើសុំរៀបចំការប្រឡងបាក់ឌុបមកក្រសួងអប់រំ យុវជន និងកីឡាតាមរយ:មន្ទីរអប់រំ យុវជន និងកីឡាឲ្យបានមុនដំណាច់ខែកក្កដាឆ្នាំ២០២០ ដើម្បីពិនិត្យនិងទទួលស្គាល់
-គ្រឹះស្ថានសិក្សាឯកជននីមួយៗត្រូវរៀបចំមណ្ឌលប្រឡងនិងបញ្ជូនមកក្រសួងអប់រំ យុវជន និងកីឡាតាមរយៈមន្ទីរអប់រំយុវជន និងកីឡា ដើម្បីពិនិត្យ និងសម្រេច
-ក្នុង១បន្ទប់ប្រឡងមានបេក្ខជនពី១០ទៅ១៥នាក់
-ធានាអនុវត្តវិធានការសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាលនិងអង្គការសុខភាពពិភពលោក
-ក្រសួងអប់រំយុវជននិងកីឡានិងមន្ទីរអប់រំយុវជននិងកីឡានឹងចុះពិនិត្យការប្រឡងតាមការចាំបាច់ដើម្បីធានាគុណភាពនៃការប្រឡង។
លោកបន្តថា ចំណែកឯការប្រឡងបាក់ឌុបរបស់គ្រឹះស្ថានសិក្សាសាធារណៈ(សាលារដ្ឋ)ក្រសួងអប់រំយុវជននិងកីឡានឹងជម្រាបជូននាពេលក្រោយ។ ចំពោះមុខនេះសូមសិស្សានុសិស្សទាំងអស់បន្តការសិក្សាពីចម្ងាយដោយអនុវត្តវិធានការសុវត្ថិភាពសុខភាពតាមការណែរបស់ក្រសួងសុខាភិបាល៕ ប្រភព៖ Fresh News