
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសអមដោយលិខិតបញ្ជាក់របស់ធនាគារជាតិនៃកម្ពុជាថា កម្ពុជាមានមាសសុទ្ធរហូតដល់ទៅ ៣៦.៥តោន មិនមែន៣០តោនដូចការប្រកាសរបស់សម្តេចនាពេលកន្លងទៅនោះទេ។ បើតាមសម្តេចតេជោ ហ៊ុន សែន ការបញ្ជាក់ពីរឿងចំនួនមាសនេះ ដើម្បីឆ្លើយតបទៅនឹងការលើករបស់មនុស្សមួយចំនួនតូចដែលបានវា យប្រហាររាជរដ្ឋាភិបាលថា យកមាសនេះទៅលក់ដោះស្រាយបញ្ហាជាតិបង្កដោយជំងឺកូវីដ១៩។
តាមរយៈទំព័រ Facebook នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា«ដើម្បីច្បាស់ពីមាស សូមមើលការពន្យល់របស់ធានាគារជាតិកម្ពុជានោះ បងប្អូនប្រាកដជាយល់និងអបអរសាទរជាមួយទុនបម្រុងរបស់ជាតិយើងដែលកើនឡើងជាលំដាប់។ ប្រហែលមួយឆ្នាំមុនខ្ញុំធ្លាប់ប្រកាសថា មាសរបស់យើងមាន៣០តោនតែតាមតួលេខថ្មីនេះ មាសរបស់យើងមានដល់៣៦.៥តោន។ នេះមិនមែនជាមាយាទស្រីកញ្ជើធ្លុះក្នុងការគ្រប់គ្រងសេដ្ឋកិច្ចជាតិនោះទេ»។ យោងតាមសេចក្តីបំភ្លឺរបស់ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា មាសដែលជាកេរ្តិ៍មរតកតាំងពីមុនសម័យសង្គ្រាមនេះចំនួន១២.៤តោន កំពុងរក្សាទុកនៅប្រទេសស្វីស,១៤.១តោន កំពុងវិនិយោគនៅធនាគារកណ្តាលអង់គ្លេស ហើយមាស១០តោន ត្រូវបានរក្សាទុកនៅកម្ពុជា។
ក្នុងសេចក្តីបំភ្លឺរបស់ធានាគារជាតិក៏បានឱ្យដឹងផងដែរថាបច្ចុប្បន្នកម្ពុជាក៏មានទុនបម្រុងអន្តរជាតិប្រមាណជា១៩.៥ប៊ីលានដុល្លារផងដែរគិតត្រឹមចុងខែមិថុនា ឆ្នាំ២០២០។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានថ្លែងថា រាជរដ្ឋាភិបាលរបស់សម្តេចមិនមែនជារាជរដ្ឋាភិបាលកញ្ជើធ្លុះនោះឡើយ ហើយតែងតែខិតខំសន្សំប្រាក់ដើម្បីបំពេញការចំណាយរបស់ជាតិ។ សម្តេចតេជោក៏ធ្លាប់បានបញ្ជាក់ដែរថា បច្ចុប្បន្នទោះបីយាយីពីជំងឺកូវីដ១៩យ៉ាងណាក្តីក៏រាជរដ្ឋាភិបាលនៅមានចំណូលពីពន្ធដារនិងគយសម្រាប់ការចំណាយចរន្តផងដែរ។ សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានបញ្ជាក់ផងដែរថាទោះបីរាជរដ្ឋាភិបាលអត់ចំណូលពេញមួយឆ្នាំក៏រាជរដ្ឋាភិបាលនៅតែមានប្រាក់សម្រាប់បើកបៀវត្សរ៍ជូនមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធផងដែរ៕