មួយទៀតហើយ ! ខារ៉ាអូខេ ហុងកុង បើកឱ្យច្រៀង ផ្គើននឹងបំរាម ត្រូវសមត្ថកិច្ចព្រមាន ធ្វើកិច្ចសន្យាអប់រំ

(កណ្ដាល)៖ ខារ៉ាអូខេមួយកន្លែងឈ្មោះហុងកុងស្ថិតនៅក្រុងតាខ្មៅ ត្រូវបានភ្នាក់ងារស៉ើបការណ៍សំងាត់រកឃើញថា បើកឱ្យច្រៀង ដែលផ្ទុយពីបំរាមរបស់រដ្ឋបាល ខេត្តកណ្ដាល ត្រូវបាននគរបាលខេត្តនេះ ចុះទៅដល់ទីតាំងភ្លាមទាំងកណ្ដាលរាត្រីនាថ្ងៃទីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០យប់មិញនេះដើម្បីព្រមានពីវិធានការផ្លូវច្បាប់ ខណៈលើកនេះត្រឹមធ្វើកិច្ចសន្យាណែនាំប៉ុណ្ណោះ។

នគរបាលបានឱ្យដឹងថា អនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំដោយលោកស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងការិយាល័យអន្តរាគមន៍ សហការជាមួយកម្លាំងអធិការនគរបាលក្រុងតាខ្មៅនិងអាជ្ញាធរក្រុងតាខ្មៅបានចូលរួមចុះពិនិត្យទីតាំងខារ៉ាអូខេឈ្មោះ(ហុងកុង KTV)ស្ថិតនៅចំណុចភូមិថ្មី.សង្កាត់តាខ្មៅ.ក្រុងតាខ្មៅ.ខេត្តកណ្តាល ដែលមានម្ចាស់ទីតាំងឈ្មោះ(យូ ស្រង់)ភេទស្រី,អាយុ៤១ឆ្នាំ,មានទីលំនៅភូមិក្បាលស្ពាន២,សង្កាត់ប៉ោយប៉ែត,ក្រុងប៉ោយប៉ែត,ខេត្តបន្ទាយមានជ័យ។

លទ្ធផលពិនិត្យឃើញថាទីតាំងឈ្មោះ ហុង កុង KTV បានបើកឲ្យភ្ញៀវចូលច្រៀងនៅក្នុងបន្ទប់ខារ៉ាអូខេ។ ជាក់ស្តែងមានមួយបន្ទប់ហើយអាជ្ញារធរក្រុងតាខ្មៅ បានធ្វើកិច្ចសន្យានិងណែនាំឲ្យម្ចាស់ទីតាំងគោរពតាមសេចក្តីជូនដំណឹងលេខ១២៦៩ សជណ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកណ្តាល។ គួរជម្រាបថា រដ្ឋបាលខេត្តកណ្ដាលបានចេញសារាចរណ៍ណែនាំឱ្យរាល់ខារ៉ាអូខេទាំងអស់នៅទូទាំងខេត្តកណ្ដាល អាចបើកដំណើរការបានក្នុងរូបភាពជាភោជនីយដ្ឋាន ដើម្បីបើកសេវាឡើងវិញស្ដារសេដ្ឋកិច្ចនិងឱកាសការងារដល់ពលរដ្ឋ។