
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនព័ត៌មានប្រកាសពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ចំនួន២៦នាក់ថ្មីទៀតដែលសុទ្ធសឹងជាករណីនាំចូលខណៈអ្នកព្យាបាលជាសះស្បើយមានចំនួន៤នាក់។ សេចក្តីប្រកាសព័ត៌មាននៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០បានឲ្យដឹងថា ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន២៦នាក់នេះ ក្នុងនោះជាបុរសជនជាតិខ្មែរដែលត្រឡប់មកពីសិក្សានៅរុស្ស៊ីនិងប្រទេសអេហ្ស៉ីបចំនួន២៥នាក់ និងម្នាក់ទៀតជាបុរសជនជាតិខ្មែរមកពីប្រទេសកូរ៉េខាងត្បូង ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលរួចរាល់ហើយនៅ មណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
បើតាមក្រសួងសុខាភិបាលជំងឺកូវីដ១៩ថ្មីទាំង២៦នាក់នេះ មាន២៥នាក់ធ្វើដំណើរមកពីសិក្សានៅប្រទេសរុស្ស៊ី និងអេហ្ស៊ីប តាមជើងហោះហើរមកពីប្រទេសរុស្ស៊ី ដោយបន្តដំណើរតាមជើងហោះហើរតាមប្រទេសម៉ាឡេស៊ី មកដល់កម្ពុជានៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។ ចំណែកម្នាក់ទៀតជាបុរសជនជាតិខ្មែរ អាយុ៦៥ឆ្នាំធ្វើដំណើរប្រទេសកូរ៉េខាងត្បូងចូលមកកម្ពុជានៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។សម្រាប់អ្នកដំណើរដែលរួមដំណើរលើយន្តហោះទាំង២ សរុបចំនួន២២៨នាក់ផ្សេងទៀតត្រូវបានដាក់ធ្វើចត្តាឡីស័កដើម្បីតាមដានបន្តទៀត។ដោយឡែកសម្រាប់អ្នកព្យាបាលជាសះស្បើយចំនួន៤នាក់ ក្នុងនោះមាន៣នាក់ជាបរុសជនជាតិខ្មែរដែលត្រឡប់មកពីប្រទេសអារ៉ាឌីសាអូឌីត និងម្នាក់ទៀតជាបុរសជនជាតិខ្មែរដែលត្រឡប់មកពីប្រទេសឥណ្ឌូនេស៊ី ។ អ្នកជាសះស្បើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបន្ទាប់ពីធ្វើតេស្តអវិជ្ជមាន២លើក៕