
(ភ្នំពេញ)៖ ស្ត្រីខ្មែរសញ្ជាតិអាមេរិកាំងម្នាក់មានឈ្មោះ រ៉ូស វីរ៉ា បានលួចលិខិតឆ្លងដែន(ប៉ាស្ព័រ)របស់ខ្លួនដែលរក្សាទុកនៅក្នុងបន្ទប់ការិយាល័យនៃសណ្ឋាគារមួយកន្លែងនៅរាជធានីភ្នំពេញ ដែលជាទីកន្លែងគាត់ធ្វើចត្តាឡីស័ក បន្ទាប់ពីលួចបានហើយបានរត់គេចខ្លួនបាត់។ ជាក់ស្ដែងមុននេះបន្តិចមានគណនី Facebook មួយសុំមិនបញ្ចេញឈ្មោះបានបង្ហោះឲ្យដឹងថា បានរកឃើញហើយស្ត្រីខ្មែរសញ្ជាតិអាមេរិចនោះហើយ នៅខេត្តកំពង់ចាម៕
គួរបញ្ជាក់ថាស្រ្តីខ្មែរសញ្ជាតិអាមេរិកាំងរូបនេះ បានចូលមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។ ស្ត្រីរូបនេះ ជាអ្នកធ្វើដំណើរជាមួយមន្ត្រីស្ថានទូតអាមេរិកពីររូបដែលរកឃើញមានជំងឺកូវីដ១៩ កាលពីថ្ងៃទី១៦ ខែកក្កដា កន្លងទៅនេះ។ ស្ត្រីរូបនេះត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។ សូមជំរាបថានៅយប់ថ្ងៃទី១៧ ខែកក្កដា ស្ត្រីរូបនេះបានស្នាក់នៅក្នុងបន្ទប់របស់ខ្លួនធម្មតា។ ស្រាប់តែព្រឹកឡើងម៉ោងប្រមាណ៧ព្រឹកថ្ងៃទី១៨ ខែកក្កដា ពេលក្រុមគ្រូពេទ្យយកអាហារទៅជូនមិនឃើញទើបមានការភ្ញាក់ផ្អើលតែម្តង។