
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃ១៧ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលប្រកាសថារកឃើញអ្នកមានជំងឺកូវីដ១៩ចំនួន០៥នាក់ថ្មីទៀតនៅកម្ពុជា។ អ្នកជំងឺទាំង០៥នាក់ទើបត្រឡប់មកពីប្រទេសអាមេរិក ក្នុងនោះមានបុរសជនជាតិខ្មែរចំនួន២នាក់,ស្ត្រីជនជាតិខ្មែរម្នាក់និងបរុសជនជាតិអាមេរិកចំនួន២នាក់។ ជនជាតិខ្មែរ០៣នាក់ ដែលវិជ្ជមានវីរុសកូវីដ-១៩ គឺបុរសអាយុ៣៤ឆ្នាំ និងកូនប្រុសបង្កើតអាយុ៥ឆ្នាំ មានអាស័យដ្ឋាននៅចាក់អង្រែក្រោម រាជធានីភ្នំពេញ ដែលបានទៅលេងឪពុកម្ដាយនៅសហរដ្ឋអាមេរិកតាំងពីខែមីនា ឆ្នាំ២០២០ ជាមួយភរិយានិងកូនស្រីម្នាក់ទៀត(តែស្ត្រីទាំងពីរនាក់ មានលទ្ធផលតេស្តលើកទី១នេះអវិជ្ជមាន)និងស្ត្រីអាយុ៦០ឆ្នាំ រស់នៅសហរដ្ឋអាមេរិក ដែលមានអាស័យដ្ឋានស្នាក់នៅក្នុងបុរីប៉េងហួតបឹងស្ទោរ ខណ្ឌច្បារអំពៅ,រាជធានីភ្នំពេញមានរោគសញ្ញាហៀរសំបោរ(ស្រដៀងផ្តាសាយ)តាំងពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០។
ក្រសួងបានបញ្ជាក់ថា អ្នកទាំងបីនាក់នេះបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរលេខ BR265 នៅប្រទេសចិន(តៃប៉ិ)មកដល់ប្រទេសកម្ពុជាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។ លទ្ធផលវិភាគវត្ថុសំណាករបស់ពួកគាត់ទាំងបីនាក់ ទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ហើយ បច្ចុប្បន្នត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោម,រាជធានីភ្នំពេញ។ តាមជើងហោះហើរនេះ មានអ្នកដំណើរសរុបចំនួន៧៧នាក់(ស្រី្ត២៦នាក់ ក្មេងតូច០២នាក់ កុមារ៤នាក់ និងបុរស៤០នាក់)ដែលក្នុងចំនួនសរុបនេះមានជនជាតិចិន(តៃវ៉ាន់)៣៦នាក់ ជនជាតិជប៉ុន០១នាក់និងជនជាតិអាម៉េរិកកាំង១៩នាក់។ អ្នកដំណើរដែលមានលទ្ធផលតេស្តអវិជ្ជមានកូវីដ-១៩ទាំងអស់ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ ដើម្បីតាមដានសុខភាពបន្តដោយចែកចេញជា៖ ចំនួន០៨នាក់នៅមណ្ឌលចត្តាឡីស័កទ័ពអាកាសរាជធានីភ្នំពេញនិងចំនួន៦៦នាក់នៅសណ្ឋាគារអូខេប៉ាឡេស រាជធានីភ្នំពេញ។
ក្រសួងសុខាភិបាលបន្តថា សម្រាប់ករណីជនជាតិអាមេរិក០២នាក់ វិជ្ជមានវីរុសកូវីដ១៩(លទ្ធផលទទួលបានពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា)ជាមន្ត្រីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិកកាន់វីសាប្រភេទA មានអាស័យដ្ឋានស្នាក់នៅបន្ទប់ដោយឡែក ក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា រាជធានីភ្នំពេញ។
ជនជាតិអាមេរិកកាំងទាំងពីរនាក់ខាងលើ បានធ្វើដំណើរពីសហរដ្ឋអាមេរិក បន្តជើងហោះហើរលេខ KE689 នៅកូរ៉េខាងត្បូង មកដល់ប្រទេសកម្ពុជាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។ លទ្ធផល វិភាគវត្ថុសំណាករបស់ពួកគាត់ ទទួលបានលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០។ បច្ចុប្បន្ននេះ អ្នកជំងឺទាំងពីរនាក់ស្ថិតនៅបន្ទប់ដោយឡែកក្នុងស្ថានទូតអាមេរិករាជធានីភ្នំពេញ។ តាមជើងហោះហើរដែលរកឃើញជនជាតិអាមេរិកកាំងទាំងពីរនាក់នេះមានអ្នកដំណើរសរុបចំនួន៩១នាក់(ស្ត្រី៣៥នាក់ កុមារ០៧នាក់និងបុរស ៥២នាក់) ដែលក្នុងចំនួនសរុបនេះ មានជនជាតិកូរ៉េ២៨នាក់ ជនជាតិអាមេរិក១៩នាក់ (កុមារ០២នាក់) ជនជាតិបារាំង០២នាក់ជនជាតិវៀតណាម០២នាក់ ជនជាតិ អូស្ត្រាលី ០៤នាក់(កុមារ០២នាក់)ជនជាតិឥណ្ឌូណេស៊ី០១នាក់ ជនជាតិណូវែលហ្សឺឡង់០៣នាក់(កុមារ០១នាក់)ជនជាតិចិន០៣នាក់ ជនជាតិអូទ្រីស០១នាក់ ជនជាតិអង់គ្លេស០៨នាក់(កុមារ០២នាក់)ជនជាតិហ្វាំងឡង់០១នាក់និងជនជាតិកាណាដា០១នាក់។