
បាត់ដំបង៖ នៅព្រឹកថ្ងៃ សុក្រ ២រោចខែពិសាខឆ្នាំជូតទោស័ក ព.ស. ២៥៦៤ត្រូវនឹង ថ្ងៃទី៨ខែឧសភាឆ្នាំ២០២០អនុវត្តតាមមតិណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគបាលខេត្តបាត់ដំបង លោវរសេនីយ៍ឯក អ៊ុក សារិន មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣១០និងលោកស្រីព្រមទាំងសហការីបាននាំយកអំណោយរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោស្នងការទៅប្រគល់ជូនគ្រួសារប្រជាពលរដ្ឋក្រីក្រមួយគ្រួសាររស់នៅភូមិអូរត្រែង ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ។
អំណោយដែលបានប្រគល់ជូននាពេលនេះមានថវិកា អង្ករ ភេសជ្ជៈមុង ភួយមួួចំនួន ។ លោកវរសេនីយ៍ឯក អ៊ុក សារិន បានជម្រាបប្រាប់គ្រួសារប្រជាពលរដ្ឋថាដោយមេីលឃេីញនូវការលំបាកខ្វះខាតជីវភាពប្រចាំថ្ងៃ និងការរស់នៅក្នុងបន្ទុកមានសមាជិកគ្រួសារច្រេីន ទេីបលោកស្នេីសុំការអនុញ្ញាតពីឯកឧត្តមស្នងការ នាំយកនូវសម្ភារៈ ថវិកា គ្រឿងឧបភោគបរិភោគមកប្រគល់ជូននាពេលនេះ លោកបន្តថា សម្ភារៈ ថវិកាពេលនេះមានចំនួនតិចតួច តែនេះគឺជាទឹកចិត្តរបស់ថ្នាក់ដឹកនាំស្នងការព្រមទាំងកងកម្លាំងនគរបាលក្នុងការចូលរួមចែករំលែកនូវការខ្វះខាតរបស់គ្រួសារប្រជាពលរដ្ឋនៅមូលដ្ឋាន។
គ្រួសារប្រជាពលរដ្ឋដែលទទួលបាននូវសម្ភារៈ ថវិកា គ្រឿងឧបភោគ បរិភោគនាពេលនេះបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តសប្បុរសរបស់ឯកឧត្តមស្នងការព្រមទាំងកងកម្លាំងនគរបាលទាំងអស់ ដែលលះបង់និងចែករំលែកនូវថវិកា សម្ភារៈដល់ពួកគាត់ជាប្រជាលរដ្ឋកំពុងជួបការលំបាកខ្វះខាតដូចពេលនេះ៕(រូបភាពនគរបាលវរៈព្រំដែនលេខ៣១០)