
(ភ្នំពេញ)៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានធ្វើការបកស្រាយ និងពន្យល់ចំពោះករណីគណនីហ្វេសបុកដែលមានឈ្មោះ មន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែដែលបានបង្ហោះកាលពីយប់មិញពាក់ព័ន្ធនឹងមនុស្ស៨នាក់នៅខណ្ឌឬស្សីកែវ ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយកន្លែង។ បន្ទាប់ពីធ្វើការបង្ហោះភ្លាមៗនៅក្នុងGroup Telegramរបស់លោកជំទាវ ឱ វណ្ណឌីន ជាមួយនឹងអ្នកសារព័ត៌មាន លោកជំទាវបានបកស្រាយឲ្យដឹងថា៖
«ខ្ញុំសូមជម្រាបជូនថា ការដឹកពួកគាត់នេះមិនទាន់អាចថាពួកគាត់មានវីរុសកូវីដ-១៩នោះទេ។ ពួកគាត់ទាំងនោះជាអ្នកធ្វេីដំណេីរមកពីប្រទេសម៉ាឡេស៊ីតាមជេីងហោះហេីរផ្សេង ដែលមិនមានវិជ្ជមានវីរុសកូវីដ-១៩។ តែដោយសារពួកគាត់ជាអ្នកដែលបានស្នាក់នៅរងចាំលទ្ធផលតេស្តនៅទីតាំងមួយ(ក្នុងជាន់ខុសគ្នា)ដែលមានអ្នកដំណេីរតាមជេីងហោះហេីរដែលបានរកឃេីញអ្នកវិជ្ជមានវីរុសកូវីដ-១៩ក្នុងពេលថ្មីៗនេះចំនួន២៤នាក់ ដូច្នេះដេីម្បីស្រាវជ្រាវបន្ថែមក្រែងមានការចម្លងបន្តគ្នាពីអ្នកជំងឺកូវីដ-១៩ ដែលបានរកឃេីញនោះនិងដេីម្បីការពារការចម្លងបន្ត»៕