
យោងទៅតាមសេចក្តីថ្លែងការណ៍ របស់គណៈសង្ឃនាយក ដែលបានចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ បានអោយដឹងថា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ មានគណនី ហ្វេសប៊ុកមួយឈ្មោះថា «Troll យឹមតន» បានបង្ហោះឃ្លីបវិដេអូ ផ្សព្វផ្សាយតាមបណ្តាញសង្គម ជាបទចម្រៀងលាយឡំ ដោយការកាត់តរូបភាព បព្វជិតសង្ឃពុទ្ធសាសនា អាសអាភាស ជាមួយស្ត្រីភេទ ដោយប្រើពាក្យពេចន៍ក្នុងខ្លឹមសារវាយប្រហារប្រកបដោយ ចេតនា បំផ្លិចបំផ្លាយកិត្តិយស សេចក្តីថ្លៃថ្នូរក៏ដូចជា តម្លៃពុទ្ធសាសនា ដែរជាសាសនារបស់រដ្ឋ។
មិនតែប៉ុណ្ណោះ គណៈសង្ឃនាយក បានធ្វើបដិសេធ យ៉ាងដាច់អហង្កា និងថ្កោលទោសចំពោះទង្វើដ៏ស្មោគ គ្រោក អសីលធម៌ ទុច្ចរិត និងភាពជា អមនុស្ស ហើយសូមស្នើ ទៅក្រសួង ធម្មការ និងសាសនា ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការ លើអ្នកកាន់គណនីខាងលើតាម និតិវិធីច្បាប់ជាធរមាន។ (សូមទស្សនារូបភាពដកស្រង់ចេញពីវីដេអូ និងវីដេអូខាងក្រោម)៖