
(ចិន)៖ ភ្លៀងរដូវវស្សា តាំងពីខែមិថុនា បានជន់លិចតំបន់ប៉ែកខាងត្បូងប្រទេស អស់ជិតពាក់កណ្តាល និងបង្កឱ្យមានអ្នកស្លាប់និងបាត់ខ្លួនយ៉ាងហោច១៤១នាក់ ផ្ទះជាង២៨០០០ខ្នងត្រូវបំផ្លាញ ប្រជាពលរដ្ឋជិត៣៨លាននាក់រ.ងគ្រោះ។ ហើយនៅសប្តាហ៍មុននេះ ភ្លៀងស្រាប់តែធ្លាក់កាន់តែខ្លាំង គួរឱ្យព្រួយបារម្ភមែនទែន។ គ្រប់ប្រភពស្តុកទឹកទាំង៣៣ ទន្លេស្ទឹងទាំង៤៣៣ក្នុងតំបន់ សុទ្ធឡើងពោរដល់កម្ពស់អាសន្នទាំងអស់។ នេះបើសេចក្តីប្រកាសរបស់ក្រសួងធនធានទឹកនៅថ្ងៃចន្ទទី ១៣កក្កដា២០២០។ ប្រភពទឹកសាបដ៏ធំរបស់ចិនក៏ពេញហៀ ហូរចាក់ទម្លាក់បន្ថែមទៅក្នុងទន្លេយ៉ង់សេ ឱ្យកាន់ជន់ជោរខ្លាំងថែមទៀត។
ប្រព័ន្ធឃោសនាព័ត៌មានឋរបស់ចិន បានបង្ហាញរូបភាពទឹកជន់ឡើងពន្លិចភូមិ និងក្រុងជាច្រើន ខ្លះលិចដល់ដំបូលផ្ទះ ខ្លះហូរបាត់ទៅតាមកម្លាំងទឹក កម្លាំងដីបាក់ ឯប្រជាពលរដ្ឋប្រឹងរកវិធីលើកទំនប់ទប់។ ខេត្តដែលរងគ្រោះខ្លាំងជាងគេ គឺខេត្តជៀនស៊ី,ហ៊ូពេ,ហូណាន,ជៀនស៊ូ ព្រមទាំងក្រុងចុងឈីង។ ប្រឈមនឹងគ្រោះទឹកជំនន់ដ៏ធំ ប្រធានាធិបតីស៊ីជីនពីង បានអំពាវនាវឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងទាហានប្រមូលផ្តុំកម្លាំងជួយសង្គ្រោះនិងផ្តល់ជំរកដល់ប្រជាជនរងគ្រោះ។ ចិនរងការគំរាមកំហែងទឹកជំនន់ដំណាក់កាលធ្ងន់ធ្ងរខ្លាំង នេះបើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល។
ជាទន្លេដ៏វែងជាងគេរបស់ចិន (៦ពាន់គីឡូម៉ែត្រ) និងវែងជាងគេទីបីនៅលើពិភពលោក បន្ទាប់ពីទន្លេនីល និងអាម៉ាហ្សូន យ៉ងសេ ដែលមានប្រជាពលរដ្ឋចិន១/៣រស់រំពឹងរាល់ថ្ងៃ តែងតែឡើងជន់ជោរខ្លាំង តាមច្បាប់ធម្មជាតិនៅរដូវវស្សាដោយសារភ្លៀងធ្លាក់ច្រើន និងការរលាយទឹកកកនៅភ្នំហិមាល័យ។ ប៉ុន្តែថ្ងៃនេះ កម្ពស់ទឹកទន្លេយង់សេ បានឡើងដល់កំរិតខ្ពស់ បំផុតជាលើកទីបី ក្នុងប្រវត្តិទឹកជំនន់នៅវូហាន។ និន្នាការទឹកជំនន់កំណាចខុសប្រក្រតី បានកើតឡើងកាន់តែញយ នាប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ មួយភាគគឺដោយហេតុតែការសាងសង់ទំនប់វារីអគ្គីសនីបានមករំខានមិនឱ្យបឹងនិងវាលទំនាបអាចស្រូបទឹកបានពេញលេញនិងត្រឹមត្រូវ។ ការប្រែប្រួលអាកាសធាតុ ភពផែនដីឡើងកម្តៅ ទឹកកកលើភ្នំហិមាល័យរលាយលឿន អាចជាកត្តាមួយទៀតជំរុញឱ្យចិនអាចជួបគ្រោះទឹកជំនន់កាន់តែកំណាចនៅថ្ងៃអនាគត។ នេះបើតាមការបន្ថែមរបស់ក្រុមអ្នកបរិស្ថាន៕