
កាលពីនាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ មហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយទទួលបានដំណឹងថា កីឡាករប្រដាល់ដ៏ល្បីឈ្មោះ វង្ស ណយ បានប្រកាស លាឈប់ ពីកីឡាប្រដាល់ហើយ លោកបានបញ្ជាក់ ពីមូលហេតុ នៅក្នុងហ្វេសប៊ុករបស់ខ្លួន យ៉ាងចាក់ដោតមួយថា៖ «(ខ្ញុំលាឈប់ពីប្រដាល់ហើយបងប្អូន) ខ្ញុំវាយយូរណាស់ហើយ ល្បីតែឈ្មោះ គ្មានសល់អីទេ ពេលនេះខ្ញុំអស់កម្លាំងវាយទៀតហើយ ទើបខ្ញុំសម្រេចចិត្ត ឈប់វាយនៅពេលនេះ ព្រោះខ្លាចពិកា ខានបានរកស៊ីចិញ្ចឹមកូន។ បើខ្ញុំពិកាទៅ គ្មានអ្នកណាចិញ្ចឹមកូនខ្ញុំទេ (ជួយគាំទ្រងៀតក្របីខ្ញុំផងបងប្អូន)»។
ក្រោយទទួលដំណឹងនេះ កើតក្តីអាណិត នៅមុននេះបន្តិច នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ លោក ផែង វណ្ណៈ បានជួយទិញងៀតក្របី របស់ វង្ស ណយ ចំនួន៣គីឡូ រឹតតែពិសេសថែមទៀតនោះ លោកបានជូនថវិកាដល់ទៅ ៧០០ដុល្លារទៀតផង។ លោក ផែង វណ្ណៈ បានសរសេររៀរាប់នៅក្នុងបណ្ដាញសង្គមថា «នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ខ្ញុំបានទិញងៀតក្របីចំនួន ៣គីឡូក្រាម ពីប្អូន វង់ ណយ ដោយ ១គីឡូក្រាម តម្លៃ ៦៥០០០ រៀល និងបានប្រគល់ថវិកាចំនួន ៧០០ដុល្លារ ជូនដល់ប្អូនប្រុស វង់ ណយ ដើម្បីបង្កើនដើម្បីទុនប្រកបរបរចិញ្ចឹមក្រុមគ្រួសារ»៕