
(ភ្នំពេញ)៖ ទីតាំងអាជីវកម្មខារ៉ាអូខេចំនួន០២កន្លែង ស្ថិតនៅផ្លូវ៤៨៨,សង្កាត់ផ្សារដើមថ្កូវ,ខណ្ឌចំការមន,រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរដឹកនាំដោយ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យរកឃើញថា ទីតាំងទាំងពីរខាងលើបានលួចបើកផ្គើមទៅនិងបម្រាមរបស់អាជ្ញាធរក្រុងដែលអនុញ្ញាតឲ្យកែប្រែពីក្លឹបកម្សាន្ត,ខារ៉ាអូខេទៅជាភោជនីយដ្ឋាន។ ការចុះពិនិត្យនិងរកឃើញទីតាំងអាជីវកម្មខារ៉ាអូខេចំនួន០២កន្លែងខាងលើធ្វើឡើងកាលពីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០។
ក្រោយពីក្រុមការងារពិនិត្យរួចមកឃើញថា ទីតាំងអាជីវកម្មខាងលើនៅបើកដំណើរការខារ៉ាអូខេជាធម្មតា។ ដូចនេះក្រុមការងារបានណែនាំឲ្យម្ចាស់អាជីវកម្មផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន ដោយឲ្យប្រែក្លាយទីតាំងខាងលើនេះទៅជាភោជនីយដ្ឋានវិញ ប៉ុន្តែត្រូវមានលិខិតអនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ ហើយប្រសិនបើនៅតែផ្គើនលួចបើកបន្តទៀតអាជ្ញាធរ និងបិទទីតាំងទាំងនោះចោលតែម្តង។
សូមបញ្ជាក់ថាកាលពីពេលថ្មីកន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់ម្ចាស់អាជីវកម្ម ក្លឹបកម្សាន្តនិងខារ៉ាអូខេទាំងអស់នៅរាជធានីភ្នំពេញឲ្យបានជ្រាបថា ដើម្បីចូលរួមសកម្មភាពសេដ្ឋកិច្ចនិងផ្ដល់ការងារឡើងវិញ រដ្ឋបាលរាជធានីភ្នំពេញអនុញ្ញាតឲ្យម្ចាស់អាជីវកម្មក្លឹបកម្សាន្តនិងខារ៉ាអូខេទាំងអស់នៅរាជធានីភ្នំពេញបើកដំណើរការដោយប្រែក្លាយទៅជាភោជនីយដ្ឋាន។
ប៉ុន្តែម្ចាស់អាជីវកម្មត្រូវ៖
១.សុំលិខិតអនុញ្ញាតអាជីវកម្ម តាមយន្តការច្រកចេញ-ចូលតែមួយរាជធានីភ្នំពេញ។
២.គោរពឲ្យបានម៉ឺងម៉ាត់នូវវិធានការនៃក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩និងវិធានការសុវត្ថិភាពរបស់ក្រសួងទេសចរណ៍។ ទទួលបានសេចក្តីជូនដំណឹងនេះសូមម្ចាស់អាជីវកម្មក្លឹបកម្សាន្តនិងខារ៉ាអូខេទាំងអស់មេត្តា ជ្រាបនិងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕