
(ភ្នំពេញ)៖ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះថា រាជរដ្ឋាភិបាលកម្ពុជា នៅមានលទ្ឋភាពក្នុងការបើកប្រាក់ខែដល់មន្រ្តីរាជការ ដោយមិនទាន់យកលុយបរទេស មកដោះស្រាយបញ្ហាសង្គមនោះទេ។ សម្ដេចតេជោបានលើកឡើងថា មកទល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តបើកប្រាក់ដល់មន្រ្តីរាជការនិងបើកមួយខែចំនួនពីរដងដដែលហើយពុំមានកាត់ប្រាក់ខែដូចបណ្ដាប្រទេសមួយចំនួននោះទេ។
សម្ដេចតេជាបានមានប្រសាសន៍បញ្ជាក់ថា រដ្ឋាភិបាលមិនដួលរលំឡើយហើយក៏មិនទាន់យកលុយបរទេសមកដោះស្រាយបញ្ហាសង្គមដែលមានការប្រឈមជាមួយជំងឺកូវីដ-១៩ដែរ។ តាមប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្រ្តី បច្ចុប្បន្នកម្ពុជាអាចប្រមូលចំណូលពីវិស័យនានាបានខ្ទង់៤០០លានដុល្លារក្នុងមួយខែៗខណៈការចំណាយលើប្រាក់ខែមន្រ្តីរាជការអស់ប្រមាណជាង២០០លានដុល្លារប៉ុណ្ណោះ៕