
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ កុំឱ្យមានការធ្វេសប្រហែសឱ្យសោះ ក្រោយមានករណីនាំចូលជំងឺកូវីដ១៩ពីប្រទេសអារ៉ាប៊ីសាអូឌីតចំនួន១៥នាក់ទៀត។ តាមរយៈបណ្តាញសង្គម Facebook សម្តេចតេជោបានលើកឡើងថា៖
«សុខសប្បាយជាទេបងប្អូនជនរួមជាតិ? សំខាន់នៅពេលនេះ សូមបងប្អូនបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពអោយបានល្អ កុំអោយឆ្លងជំងឺកូវីដ-១៩ អោយសោះ។ ថ្មីៗនេះកម្ពុជាយើងមានអ្នកដំណើរមកពីប្រទេសអារ៉ាប៊ីសាអូឌី១៥ នាក់ទៀត ដែលមានឆ្លងមេរោគកូវីដ-១៩ ដែលកំពុងដាក់អោយព្យាបាលជាបន្ទាន់។ មកទល់ពេលនេះនៅក្នុងប្រទេសយើងគឺមានអ្នកឆ្លងកូវីដ-១៩ សរុបចំនួន១៥៦នាក់ដែលបានព្យាបាលជាសះស្បើយ១៣៣នាក់។ ជំងឺកូវីដ-១៩ គឺនៅតែជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវ ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។
សម្តេចតេជោ ហ៊ុន សែន បានជំរុញបងប្អូនប្រជាពលរដ្ឋកុំធ្វេសប្រហែសអោយសោះហើយសូមឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹលឬទឹកអាល់កុល ហើយពាក់ម៉ាសការពារអោយបានត្រឹមត្រូវ។ ទីកន្លែងដែលមានមនុស្សច្រើនដូចជាទីផ្សារនិងផ្សារទំនើប,តូបលក់ដូរទូទៅ,ភោជនីយដ្ឋាន,ផ្ទះសំណាក់ សណ្ឋាគារ,កាស៊ីណូដែលទទួលបានការអនុញ្ញាត្តិអោយបើកដំណើរការ ជាពិសេសមន្ទីពេទ្យឯកជននិងមន្ទីរពេទ្យរដ្ឋត្រូវតែមានទឹកអាល់កុល,ចឹលសម្លា.ប់មេរោគនិងម៉ាសសម្រាប់អតិថិជន រួមទាំងអ្នកជំងឺនឹងបងប្អូនមកសួរសុខទុក្ខពាក់ការពារចៀសវាងការឆ្លងរោគពីម្នាក់ទៅម្នាក់។ សូមបងប្អូនប្រជាពលរដ្ឋបន្តធ្វើតាមការណែនាំរបស់ក្រសួងសខាភិបាលអោយបានខ្ជាប់ខ្ជួន។ សម្ដេចតេជោជូនពរបងប្អូនធ្វើដំណើរមានសុខសុវត្ថិភាព នឹងចៀសផុតពីជំងឺឆ្លងកូវីដ-១៩ទាំងអស់គ្នា៕
សូមបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន១៥នាក់ថ្មីទៀត ជាករណីនាំចូល។ បុរសទាំង១៥នាក់ខាងលើនេះ ជាអ្នកធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី បន្តជើងហោះហើរពីប្រទេសម៉ាឡេស៊ីមកដល់កម្ពុជា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៧៖២៥នាទីល្ងាច។