
(ភ្នំពេញ)៖ ដូចប្រិយមិត្ត បានជ្រាបហើយថា ថ្មីៗនេះ តារាចម្រៀងសំលេងស្អក លោក ខេម បានដើរចេញពីផលិតកម្ម «ថោន» ជាផ្លូវការហើយ ដោយបានមករួមរស់ជាមួយនឹងផលិតកម្ម Galaxy Navatra វិញម្ដង នេះបើយោងតាមការបង្ហោះសាររបស់ផលិតកម្ម Galaxy Navatra នៅក្នុងគណនីហ្វេសប៊ុករបស់ Galaxy Navatra បានបង្ហោះសារថា «សូមស្វាគមន៍វត្តមានកំពូលតារាចម្រៀង ខេម មកកាន់គ្រួសារ Galaxy Navatra»។
ចូលទ្រនំថ្មី មិនទាន់បានប៉ុន្មានផង លោកខេម បានចេញបទចម្រៀងថ្មី ជាមួយកញ្ញា តន់ ច័ន្ទសីម៉ា ដែលជាបទចម្រៀងដំបូងនៅក្នុងផលិតកម្មថ្មីរបស់លោក ជាមួយម្ចាស់បទ «ឡានសារ៉ែន» តែម្តង ហើយរហូតមកដល់ពេលនេះ ខេម បានចេញចម្រៀងជាច្រើនបទ នៅក្នុងផលិតកម្ម Galaxy Navatra ដែលទទួលបានការគាំទ្រជាខ្លាំងពីសំណាក់ទស្សនិកជន។
នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ នេះផងដែរ ផលិតកម្ម Galaxy Navatra បានបញ្ចេញវីដេអូចម្រៀងមួយបទ ដែលមានចំណងជើងថា «ចង់សុំ wifi» ដែលជាការបកស្រាយរួមគ្នាដោយ លោកខេម ជាមួយកញ្ញា តន់ ច័ន្ទសីម៉ា ដោយវីដេអូចម្រៀងដ៏ពីរោះមួយបទនេះ គឺបានថតនៅលើភ្នំខ្នងផ្សារទាំងស្រុងតែម្ដង៕ (ចង់ដឹងថាពិរោះ ហើយទេសភាពស្អាតយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម)៖